ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការក្រុមហ៊ុនផលិតសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅក្នុងខេត្តព្រះសីហនុ។
ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក លោក Gu Cui បានលើកឡើងថា នេះជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុនទី១ មានវត្តមាននៅក្នុងប្រទេសថៃ។
បើតាមលោក Gu Cui ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េនៅកម្ពុជា ហើយក្រុមហ៊ុននឹងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩សែនគ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
លោកគូសបញ្ជាក់ថា រោងចក្រផលិតសំបកកងរថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ការជ្រើសរើសខេត្តព្រះសីហនុសម្រាប់វិនិយោគទុនលើការផលិតសំបកកង់រថយន្តនេះ នឹងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។
ជាមួយគ្នានេះ តាមរយៈក្រុមហ៊ុននេះដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មធុនមធ្យម ធុនធំសម្រាប់ខេត្តព្រះសីហនុ និងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយបានផ្តល់ការងារដល់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈធ្វើការងារនៅតាមបណ្តារោងចក្រ-សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកអភិបាលខេត្តបានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាការបើកច្រកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) និងបានទាក់ទាញការចាប់អារម្មណ៍ជាបណ្តើរៗពីបណ្តាវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឱ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ»។
បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ៤ទីតាំង កំពុងដំណើរការ។
អភិបាលខេត្តសង្ឃឹមថា ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុនឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជនៅខេត្តព្រះសីហនុ៕