កូរ៉េខាងជើង៖ យុវជនកូរ៉េខាងជើងប្រមាណ ៨០០,០០០នាក់បានស្ម័គ្រចិត្តចុះឈ្មោះចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹង "ចក្រពត្តិនិយមអាមេរិក"។ នេះបើតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយ ដែលការសម្រុកចុះឈ្មោះបម្រើកងទ័ពនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន។
បន្ទាប់ពីឆ្នាំបំបែកកំណត់ត្រានៃការសាកល្បងអាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងពីទីក្រុងព្យុងយ៉ាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយនៅសប្តាហ៍នេះក៏បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធទាំងអស់នេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានព្រមានម្តងហើយម្តងទៀតថាខ្លួននឹងចាត់វិធានការខ្លាំងក្លា ដែលជាការឆ្លើយតបនឹងសកម្មភាពនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានពណ៌នាសមយុទ្ធដែលកំពុងបន្តថាជាការប៉ុនប៉ងរបស់អាមេរិក "ដើម្បីបង្កសង្គ្រាមនុយក្លេអ៊ែរ" ហើយបាននិយាយថាជាការឆ្លើយតប មានមនុស្សរាប់សែននាក់បានសម្រុកចុះឈ្មោះក្នុងការចូលបម្រើយោធា។ KCNA បានបន្ថែមថា អ្នកស្ម័គ្រចិត្ដដែលភាគច្រើនជាយុវជនវ័យក្មេងបានតាំងចិត្តថានឹង "លុបបំបាត់បុគ្គលដែលឈ្លក់វង្វេងនឹងសង្គ្រាមដោយគ្មានក្ដីមេត្តា" និងបាននិយាយថា ការចូលរួមជាមួយកងទ័ពគ្រានេះគឺដើម្បីការពារប្រទេសជាតិរបស់ខ្លួន។
រូបភាពដែលបញ្ចេញដោយមន្រ្តីផ្លូវការនៃទីក្រុងព្យុងយ៉ាងបានបង្ហាញពីមនុស្សម្នាជាច្រើនពាន់នាក់បានតម្រង់ជួរគ្នាយ៉ាងវែងដើម្បីចុះឈ្មោះរបស់ពួកគេនៅក្នុងបញ្ជី។ របាយការណ៍ចុងក្រោយបង្អស់បានបង្ហាញក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដ៏ធំបំផុត និងមានឥទ្ធិពលបំផុតរបស់ខ្លួនគឺ Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការសាកល្បង ICBM លើកទីពីររបស់ខ្លួននៅឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពណ៌នាការបាញ់បង្ហោះនេះថាជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលកំពុងបន្តមានសកម្មភាព៕