
លោកស្រី ពេជ ចន្ទមុន្នី ប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនអ្នកស្រុកសំរោងដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
តាកែវ៖ ប្រធានមូលនិធិអណ្តូង លោកស្រី ពេជ ចន្ទមុន្នី ប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនប្រជាពលរដ្ឋក្នុងស្រុកសំរោងការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។
បន្ទាប់ពីជម្ងឺកូវីដ-១៩ បានស្ងប់ស្ងាត់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនប្រជាពលរដ្ឋរស់នៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
លោកស្រីបានឱ្យដឹងថា អណ្តូងទឹកទាំងនេះគឺជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋក្នុងស្រុកសំរោងនេះ បានប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ប្រធានមូលនិធិអណ្តូងរូបនេះបានណែនាំប្រជាពលរដ្ឋដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ ឱ្យចូលរួមថែរក្សាអណ្តូងនេះ ដើម្បីអោយការប្រើប្រាស់នៃអណ្តូងទឹកទាំងនេះបានយូអង្វែងនិង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។
លោកស្រីពេជ ចន្ទមុន្នី គូសបញ្ជាក់ថា៖ «យើងមានឱកាស បានកសាងនូវសមិទ្ឋផលទាំងនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឍ ទើបមានឱកាសបែបនេះ ដូច្នេះសូមលោកយាយ លោកតា ពូមីងទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាពមួយនេះអោយបានគង់ទៅមុខទៀត»៕