រដ្ឋមន្ត្រីក្រសួងវប្បធម៌រៀបចំពិធីបួងសួងសុំក្តីសុខ ជោគជ័យក្នុងការហាត់សមសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាស៊ីហ្គេម
ភំ្នពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។
លោកស្រីភឿង សកុណា បានថ្លែងនូវកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់នៃកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
លោកស្រីគូសបញ្ជាក់ថា សកម្មភាពនេះ មិនត្រឹមតែជាការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាលះបង់ប្រកបដោយគុណតម្លៃសម្រាប់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
យោងតាមរបាយការណ៍អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក ទិត ថាវរិទ្ធ បានអោយដឹងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែង៥៥នាទី ក្នុងនោះបានបែងចែកជា៥វគ្គ រួមមានការកកើតទឹកដី ភាពរុងរឿងនៃសម័យ ស្នាមញញឹមខ្មែរ អនាគតកម្ពុជា និង សហគមជោគវាសនាតែមួយ
ដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត ព្រមទាំងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន ៣ ២៩២នាក់។
គួរឱ្យដឹងដែរថា គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែឧសភា និងពិធីបិទផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕