ចិន៖ ថ្មីៗនេះ ប្រទេសហុងឌូរ៉ាសបានប្រកាសពីការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ហើយ ដោយបានងាកមកសាងទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចិនវិញ ដោយបានលើកឡើងថាការសម្រេចចិត្តនេះដោយផ្អែកលើតម្រូវការចាំបាច់នៃវិស័យសេដ្ឋកិច្ច។
ប្រសិនបើការបង្កើតទំនាក់ទំនងជាផ្លូវការរវាងចិន និងហុងឌូរ៉៉ាសត្រូវបានបង្កើតឡើងមែន មានន័យថាតៃវ៉ាន់នឹងមានរដ្ឋទទួលស្គាល់តែចំនួន ១៣ប៉ុណ្ណោះ និងជាសញ្ញាណបញ្ជាក់ថានេះគឺជាជោគជ័យថ្មីចុងក្រោយបង្អស់របស់ចិន ក្នុងការព្យាយាមផ្តាច់ឱ្យដែនកោះនេះកាន់តែឯកោពីលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា តៃវ៉ាន់ជាតំបន់ដែលមានរដ្ឋបាល និងគ្រប់គ្រងដោយខ្លួនឯងតាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ ពោលគឺក្រោយពីសង្គ្រាមស៉ីវិលត្រូវបានបញ្ចប់។ យ៉ាងណាមិញ ចិននៅតែអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយនឹងអាចប្រើប្រាស់កម្លាំងគ្រប់ពេល ក្នុងករណីណាមួយចាំបាច់។
គួរបញ្ជាក់ថា ចិនបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ពោលគឺនឹងមិនមានទំនាក់ទំនងការទូតជាមួយប្រទេសណាមួយដែលមានទំនាក់ទំនង និងទទួលស្គាល់កោះតៃវ៉ាន់។ ដោយឡែក តៃវ៉ាន់ក៏បានប្រកាន់យកនូវគោលការណ៍នេះដូចគ្នា ដោយគ្មានទំនាក់ទំនងជាមួយប្រទេសណាដែលមានទំនាក់ទំនងផ្លូវរដ្ឋជាមួយចិនឡើយ៕