ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ ប្រគល់មកឱ្យកម្ពុជាដោយស្ម័គ្រចិត្តវិញ។
រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់វត្ថុបុរាណខ្មែរដែលធ្វើនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាពដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការប្រគល់វត្ថុបុរាណខ្មែរដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ចូលរួមលើកកម្ពស់វប្បធម៌នៃជាតិសាសន៍មួយដែលបានរួមចំណែកដ៏ឧដុង្គឧត្តមផ្សេះផ្សារ និងព្យាបាលរបួសរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃ និងសោកនាដកម្មនៃប្រល័យពូជសាសន៍»។
សម្តេចគូសបញ្ជាក់ថា ពិធីប្រគល់វត្ថុបុរាណនៅថ្ងៃនេះ គឺជាពិធីដ៏ឧដុង្គឧត្តម ពោលមិនមែនសម្រាប់កម្ពុជាដែលជាម្ចាស់វត្ថុបុរាណនោះទេ ប៉ុន្តែឆ្លុះបញ្ជាំងឱ្យឃើញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងការចរាចរជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
សម្តេចនាយរកដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងតែប្រមូលភស្តុតាងដែលបរទេសលួចវត្ថុបុរាណខ្មែរយកទៅដោយខុសច្បាប់ ខណៈកម្ពុជាកំពុងតែធ្វើនិតីវិធីចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធទាមទារវត្ថុបុរាណខ្មែរត្រឡប់មកវិញ។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានកោតសរសើរចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា គ្រឿងអលង្ការបុរាណដែលធ្វើអំពីមាសទាំងធំ និងទាំងតូចចំនួន ៧៧គ្រឿង ត្រូវបាននាំពីប្រទេសអង់គ្លេស ហើយបានមកដល់កម្ពុជាវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រីបន្តថា មានរូបបដិមាចំនួន ៩អង្គត្រូវបានលួចចេញពីប្រាសាទចិន ស្ថិតក្នុងប្រាសាទកោះកេរ អតីតរាជធានីខ្មែរសតវត្សរ៍ទី១០នៃគ.ស ក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។ គិតមកពេលនេះរូបបដិមាចំនួន ៧អង្គត្រូវបានប្រគល់ឱ្យកម្ពុជាវិញ ក្នុងនោះមានរូបបដិមាចំនួន ២អង្គទៀតកម្ពុជាកំពុងតែធ្វើការស្រាវជ្រាវរកប្រភពដើមដែលលួចយកទៅដើម្បីវិលត្រឡប់មកកម្ពុជាវិញ។
បើតាមលោកស្រី ភឿង សកុណា បច្ចុប្បន្នកម្ពុជាកំពុងតែធ្វើការជាមួយប្រទេសអាមេរិក ប្រទេសដទៃទៀត និងបុគ្គលឯកជនដើម្បីធ្វើនិតីវិធីទាមទារវត្ថុបុរាណជាច្រើនទៀតត្រឡប់មកកម្ពុជាវិញ៕















