ហុងឌូរ៉ាស៖ រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Eduardo Reina បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ភាពចាំបាច់ខាងសេដ្ឋកិច្ច និងការបដិសេធរបស់តៃវ៉ាន់ក្នុងការបង្កើនជំនួយហិរញ្ញវត្ថុ គឺជាហេតុផលធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ហុងឌូរ៉ាសដើម្បីងាកមកបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនវិញ។
ការលើកឡើងនេះធ្វើឡើងក្រោយពេលដែលលោកស្រី Xiomara Castro ដែលជាប្រធានាធិបតីហុងឌូរ៉ាសបានប្រកាសកាលពីថ្ងៃអង្គារថាលោកស្រីបានណែនាំឱ្យរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន ឱ្យ "បើកទំនាក់ទំនងជាផ្លូវការ" ជាមួយប្រទេសចិន ដូច្នេះមានន័យថានឹងមានការកាត់ផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ប្រទេសនៅតំបន់អាមេរិកកណ្តាលមួយនេះជាមួយតៃវ៉ាន់។
រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាសទូរទស្សន៍ក្នុងស្រុកថា ប្រទេសហុងឌូរ៉ាសបានស្នើឱ្យមានទំនាក់ទំនងសំខាន់ជាងនេះជាមួយតៃវ៉ាន់ ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន ដែលការណ៍នេះត្រូវបានតៃវ៉ាន់បដិសេធ។ គួរឱ្យដឹងថា ហុងឌូរ៉ាសគឺជាប្រទេសដែលក្រីក្របំផុតមួយក្នុងតំបន់ ដែលមានប្រជាជនប្រហែល ៧,៤លាននាក់ នៃចំនួនប្រជាជនសរុបជាង ១០លាននាក់កំពុងរស់ក្រោមបន្ទាត់នៃភាពក្រីក្រ។
លោក Reina បាននិយាយថា ប្រទេសហុងឌូរ៉ាសបានស្នើសុំឱ្យតៃវ៉ាន់បង្កើនជំនួយទ្វេរដងពីត្រឹម ៥០លានដុល្លារក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន និងស្នើសុំការកាត់បន្ថយបំណុលមកត្រឹម ៦០០លានដុល្លារ ប៉ុន្តែពុំទទួលបានចម្លើយវិជ្ជមានណាមួយពីតៃវ៉ាន់វិញឡើយ។ ប្រទេសហុងឌូរ៉ាស និងតៃវ៉ាន់ មានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណជា ៨០ឆ្នាំមកហើយ។
យ៉ាងណាមិញ នៅក្រោមគោលការណ៍ "ចិនតែមួយ" របស់រដ្ឋាភិបាលទីក្រុងប៉េកាំង គ្មានប្រទេសណាមួយអាចមានទំនាក់ទំនងការទូតទាំងជាមួយកោះតៃវ៉ាន់ និងប្រទេសចិនបានឡើយ ដែលមានន័យថាមានទំនាក់ទំនងជាមួយចិន គ្មានតៃវ៉ាន់ និងទំនាក់ទំនងជាមួយតៃវ៉ាន់គ្មានចិន។ ហុងឌូរ៉ាស គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤ប៉ុណ្ណោះលើពិភពលោកដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ ខណៈមានប្រទេសមួយចំនួនទៀតក៏ទទួលស្គាល់តៃវ៉ាន់ផងដែររួមមាន ប៉ារ៉ាហ្គាយ, អេស្វាទីនី, ហៃទី និងបុរីវ៉ាទីកង់ ជាដើម៕