បាត់ដំបង៖ រយៈពេល ២ថ្ងៃនៅថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ប្រើប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ និងទូរស័ព្ទដៃ ១ករណី និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៨នាក់។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលលោក ឈឿង គឺមសុង បានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ សុទ្ធតែមានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិបង្រ្កាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំបិតចំនួន ៧ដើម ស្លាកលេខម៉ូតូចំនួន១ ស្លាកលេខភ្នំពេញ 1JK-4582 និង ទូរស័ព្ទ ១គ្រឿងដែលជារបស់ជនរងគ្រោះ, ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ និង ម៉ូតូចំនួន ៤គ្រឿងផងដែរ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៨នាក់ខាងលើ បានសារភាពថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចជិតផ្សារវត្តតាមិម ស្ថិតនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ទៅលើ ជនរងគ្រោះ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចយកស្លាកលេខម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់រហូតដល់កម្លាំងសមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបជនសង្ស័យទាំង ៨នាក់នោះ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ត្រូវបាន កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕