ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានពន្លឿនជប៉ុនកសាងកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ដើម្បីផ្តល់លទ្ធភាពឱ្យនាវាខ្នាតធំទម្ងន់ ៥ទៅ ៦តោនអាចចុះចតបាន ខណៈបច្ចុប្បន្នកំពង់ផែស្វ័យតក្រុងព្រះសីហនុអាចទទួលនាវាដឹកទំនិញផ្សេងៗបានត្រឹមតែទម្ងន់៣តោនប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) សរុបជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា៖ «យើងបានស្នើឱ្យជប៉ុនពន្លឿនការបូម (បាតសមុទ្រកំពង់ផែទឹកជ្រៅ) ឱ្យមានជម្រៅទឹកសម្រាប់ការចូល សម្រាប់ការដឹកជញ្ជូននៅកំពង់ផែកំពង់សោម»។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញនៅតាមកំពង់ផែស្វ័យតក្រុងព្រះសីហនុទៅក្រៅប្រទេសគឺឆ្លងកាត់ច្រើនដំណាក់កាល ហើយមានតម្លៃថ្លៃ ទើបទៅដល់ប្រទេសគោលដៅ។ សម្តេចថ្លែងថា៖ «យើងត្រូវដឹកទៅតាមនាវាតូច ទៅផ្ទេរនៅប្រទេសវៀតណាម ឬនៅសាំងហ្គាពួរ អ៊ីចឹងយើងត្រូវលើកដាក់២ដង»។
សម្តេចក៏បានគូសបញ្ជាក់ថា កំពង់ផែរាមបច្ចុប្បន្នមានជម្រៅទឹកតែ ២ម៉ែត្រ៧តឹកសម្រាប់ឱ្យនាវាតូចៗចូលចត។ សម្តេចបានអះអាងម្តងទៀតថា នៅកម្ពុជាគ្មានមូលដ្ឋានកងទ័ពចិន ឬកងទ័ពបរទេសឈរជើងនៅកម្ពុជាឡើយ ហើយសម្តេចថាក្រោយកសាងសង់រោងជាងជួសជុលនាវាផែសំចត នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រុងព្រះសីហនុរួចរាល់ កម្ពុជានឹងស្វាគមន៍ដល់បរទេសដែលចង់មកទស្សនកិច្ចកំពង់ផែនៅកម្ពុជា។
សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជាចាំចាច់ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែនក្នុងសមុទ្រកម្ពុជា៕