
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាប្រតិកម្មការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters អំពីទំនាក់ទំនងរវាងចិននិងកម្ពុជា
នាថ្ងៃទី២២ ខែកក្កដា អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈហ្វេសបុកផ្លូវការរបស់ខ្លួនបានបង្ហោះសារប្រតិកម្មជាមួយ សារព័ត៌មាន Reuters របស់អង់គ្លេសដែលបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។
ភាគីចិនបានអះអាងថា ខ្លួនបានប្រឆាំងដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។
តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា “នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯងនិងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។”
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបានបន្តទៀតថា ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូជីខល។
“ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។” ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនបើស្ថានទូតទទួលបានដំណឹង ក៏មិនខកខានឱកាសដើម្បីបញ្ជាក់ការពិត និងបង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបាបង្ហាញក្តីសង្ឃឹមថា Reuters លើកក្រោយនឹងគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕
សារលើទំព័រហ្វេសបុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា
អត្ថបទរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ កក្កដា ២០២១