ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះតេលេក្រាមមួយ ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក។
តាមរយៈទំព័រផ្លូវការក្នុងបណ្តាញសង្គម លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បង្ហោះសារឱ្យដឹងថា៖ «សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា មានករណីដែលជនបោកប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដើម»។
ជាមួយគ្នានេះដែរ ក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១២ ខែមីនា ក៏បានស្នើដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម បន្ទាប់ពីមានជនក្លែងបន្លំមួយរូបបានប្រើប្រាស់រូបឧកញ៉ា ឃុន សៀ ព្យាយាមបោកប្រាស់សម្ដេចឱ្យផ្ញើលុយទៅឱ្យគេ។
នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ត្រូវជនអនាមិកក្លែងបន្លំឈ្មោះ និងរូបភាពក្នុងចេតនាអាក្រក់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ពេលនោះសម្ដេចតេជោបានព្រមានអនុវត្តន៍ច្បាប់លើអ្នកអ្នកក្លែងបន្លំនោះ ខណៈសម្ដេចបានបញ្ជាក់ប្រាប់ពលរដ្ឋកុំឱ្យចាញ់បោកនេះផងដែរ៕