ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋកុំឱ្យមានការភ័យស្លន់ស្លោរឿងធនាគារធំៗ២របស់អាមេរិកដួលរលំ ដោយសុំឱ្យមានការទុកចិត្តលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសកលវិទ្យាល័យបៀលប្រាយ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហានៃការដួលរលំធនាគារអាមេរិក និងវិបត្តិសេដ្ឋកិច្ចបានកើតឡើង៣ដងរួចហើយដោយកម្ពុជាមិនរងផលប៉ះពាល់ច្រើននោះទេក្នុងពេលដែលពេលនោះទេ។ សម្ដេចស្នើដល់ពលរដ្ឋទុកចិត្តលើវិស័យធនាគារនៅកម្ពុជា និងថាសុំកុំឱ្យមានការភ័យស្លន់ស្លោណាមួយទៅលើការដួលរលំនៃធានាគារអាមេរិកនេះ។
សម្ដេចថា៖ «ការភ័យស្លន់ស្លោរណាមួយនឹងនាំទៅរកហានិភ័យនៃភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា»។
សម្ដេចបន្ថែមថាបញ្ហាវិបត្តិនេះធ្លាប់កើតមានជាច្រើនដងហើយនៅអាមេរិក ហើយអាមេរិកក៏នឹងមិនធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរដែរ។
កាលពីសប្ដាហ៍មុនធនាគារធំៗ២របស់អាមេរិកគឺ Silicon Valley និងធនាគារ Signature Bank បានជួបវិបត្តិហិរញ្ញវត្ថុដួលរលំបង្ករការគំរាមកំហែងចំពោះប្រព័ន្ធធានាគាររួមរបស់អាមេរិក។
ក្រោយការដួលរលំនេះ លោក Joe Biden កាលពីថ្ងៃអាទិត្យទី១២ ខែមីនា បានឱ្យតម្រុយ និងណែនាំអំពីបទប្បញ្ញត្តិថ្មីនៃធនាគារធំៗ បន្ទាប់ពីមានការដួលរលំនៃធនាគារធំរបស់អាមរិកដែលមិនធ្លាប់មានរាប់ចាប់តាំងពីការកើតមានវិបត្តិហិរញ្ញវត្ថុ នៅឆ្នាំ២០០៨ ប៉ុន្តែបញ្ហាប្រឈមគឺសភាដែលពុំមានការឯកភាពគ្នា ដែលទំនងជាមិនអាចមានការអនុម័តទៅលើច្បាប់ថ្មីដែលមានភាពតឹងរ៉ឹងជាងមុននោះឡើយ៕