នាយករដ្ឋមន្ត្រីថាវាំងនៅសៀមរាបត្រូវតែធ្វើឡើងវិញខណៈបួងសួងសុំឱ្យព្រះអង្គចេកព្រះអង្គចមកាច់អ្នកបង្ខូចឈ្មោះរដ្ឋាភិបាល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាវាំងនៅក្នុងខេត្តសៀមរាបត្រូវតែធ្វើឡើងវិញនៅកន្លែងដើម និងបានបួងសួងសុំឱ្យបារមីព្រះអង្គចេកព្រះអង្គចមកាច់អ្នកបង្ចូចឈ្មោះរដ្ឋាភិបាលដែលថាបានដុតបំផ្លាញវាំងនេះ។
ថ្លែងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសកលវិទ្យាល័យបៀលប្រាយ នៅភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងការសោកស្ដាយចំពោះគ្រោះអគ្គិភ័យបំផ្លាញវាំងនៅក្នុងក្រុងសៀមរាបដោយសារតែទុស្សេខ្សែភ្លើង។ សម្ដេចតេជោថារឿងនេះជាឧបទ្ទវហេតុ មិនគួរណាមនុស្សមួយចំនួនដែលនៅក្រៅប្រទេសលាបព័ណ៌រដ្ឋាភិបាលថាជាអ្នកនៅពីក្រោយនៃការឆេះនេះនោះទេ។
សម្ដេចតេជោបានបួងសួងដល់ព្រះអង្គចេកព្រះអង្គចមដែលមានបារមីក្នុងខេត្តសៀមរាបកុំត្រាប្រណីដល់មនុស្សខិលខូចទាំងនេះផងដែរ។
សម្ដេចបានបញ្ជាក់ថារាជដំណាក់នេះនឹងត្រូវសាងសង់ឡើងវិញព្រោះជាកន្លែងប្រវត្តិសាស្ត្រមួយនៃការទាមទារឯករាជ្យដោយសម្ដេចព្រះ នរោត្តម សីហនុ ពីបារាំងមកកម្ពុជាវិញ។
សម្ដេចថានៅថ្ងៃទី២០ ខែមីនា ខាងមុខសម្ដេចនឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីអមដំណើរព្រះមហាក្សត្រយកភ្លើងអទិទេពពីមុខប្រាសាទអង្គរវត្តផងដែរ៕