ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដនៅកម្ពុជា ឆ្លើយតបទៅនឹងគណបក្សខ្លះដែលសម្ដេចមិននិយាយចំឈ្មោះ។
ថ្លែងសារនយោបាយខ្លាំងៗក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅគណបក្សប្រជាជននឹងប្រកាសខ្លួនថា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ។
សម្ដេចតេជោថា៖ «សម្រាប់គណបក្សប្រជាជនពីពេលនេះទៅប្រកាសថាខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរ»។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបនឹងគណបក្សមួយចំនួនដែលសម្ដេចមិនបញ្ចេញឈ្មោះដែលតែងតែអះអាងថាខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរនោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាមូលហេតុដែលសម្ដេចហ៊ានអះអាងថាគណបក្សប្រជាជនជានិមិត្តរូបនៃការផ្លាស់ប្ដូរនោះគឺ គណបក្សប្រជាជនបានផ្លាស់ប្ដូរពីរបបវាលពិឃាតមកជាការដឹកនាំគោរពសិទ្ធិរស់រានមានជីវិត ផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្ដិភាព និងបានផ្លាស់ប្ដូរពីប្រទេសក្រីក្រតោកយ៉ាកមកកាន់ប្រទេសមធ្យមកម្រិតទាប នឹងមានគោលដៅប្រែក្លាយប្រទេសឱ្យទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។
សម្ដេចថា៖ «គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់ដែលនាំឱ្យមានការផ្លាស់ប្ដូរ អញ្ចឹងចាប់ពីពេលនេះទៅយើងក៏នឹងនិយាយថាយើងជានិមិត្តរូបនៃការផ្លាស់ប្ដូរដែរ»៕