ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅឲ្យលោក សម រង្ស៊ី ស្ដាប់នូវការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ដើម្បីឲ្យមានមូលដ្ឋានក្នុងការគិតខ្លះជាជាងផ្សព្វផ្សាយព័ត៌មានខុសខូចតម្លៃរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយអំពីការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ទាក់ទងជាមួយនឹងការទៅសិក្សានៅសាលាបណ្ឌិតយោធាអាមេរិក West Point នៅលើ Channel Telegram របស់សម្ដេចនារសៀលថ្ងៃទី១៥ ខែមីនានេះ និងផ្ដាំទៅ សម រង្ស៉ី ថា៖ «បើខ្លួនចាស់ហើយ សូមអោយច្បាស់ជាងក្មេង បើមិនច្បាស់គួរទៅសួរនៅសាលា West Point អោយច្បាស់ ប្រយ័ត្នខ្មាស់ក្មេង»។
ក្នុងវីដេអូដែលសម្ដេចតេជោបង្ហោះនោះគឺលោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅ សម រង្ស៉ី ដោយពន្យល់ពីអត្ថន័យនៃលិខិតរបស់ខ្លួន (ហ៊ុន ម៉ាណែត) ដែលសរសេរទៅឪពុកកាលពី៣០ឆ្នាំមុន ដើម្បីសុំការអនុញ្ញាតដាក់ពាក្យចូលរៀននៅ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ។
ក្នុងវីដេអូនោះលោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «មនុស្សម្នាក់ដែលរៀនបានអនុបណ្ឌិតពីបារាំងមើលលិខិតរបស់ក្មេងអាយុ ១៦ឆ្នាំមិនយល់។ ខ្ញុំមិនយល់!»
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺឆ្លើយតបទៅនឹងការបង្ហោះរបស់លោក សម រង្ស៊ី ដែលបានចោទប្រកាន់លោក ហ៊ុន ម៉ាណែត ថាបានចូលរៀននៅសាលាយោធា West Point ដោយសារសាលាមានការតោគយល់ដល់ឪពុករបស់លោកដែលជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការចោទប្រកាន់របស់លោក សម រង្ស៉ី គឺគ្មានយល់អ្វីបន្ដិចពីរបៀបនៃការចូលសិក្សាសាលា West Point។ លោកថាការសិក្សានៅសាលា West Point របស់លោកគឺជាការចូលរៀនដោយមានការប្រឡងធ្វើតេស្តត្រឹមត្រូវមិនមែនដោយសារតែឪពុកជានាយករដ្ឋមន្ត្រីទេ។
លោកថាការដាក់ពាក្យចូលរៀននៅសាលា West Point របស់លោកគឺធ្វើតាមស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាដោយស្ថានទូតជាអ្នកធានា (Nomination) ថែមទៀត។
លោកថា៖ «ហើយមិនមែនសំដៅតែកូនអ្នកធំទេ។ អញ្ចឹងបាននៅស្រុកខ្មែរអ្នកដែលជាប់រៀននៅក្រៅប្រទេសមិនមែនតែកូនថ្នាក់ដឹកនាំទេ! សូម្បីតែថ្ងៃមុនអាប្អូនមួយដែលរៀនជាប់នៅសាលាជើងទឹកគេហៅថាក្មេងឃ្វាលគោនោះ ក៏ជាប់ដែរ។ឱ្យតែអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ហើយបើថាទាល់តែកូនអ្នកធំទើបបានជាប់ បានគេយោគយល់ បានន័យថាកំពុងចោទអាមេរិកថាពុករលួយ ខ្សែស្រឡាយ និយមឬយ៉ាងណា?»៕