លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

មន្ទីរអប់រំខេត្តក្រចេះ បំភ្លឺជុំវិញករណីអ្នកគ្រូសាលាបឋមសិក្សាថ្មគ្រែម្នាក់កាន់អំបោសរត់ដេញសិស្ស

ក្រចេះ ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានបំភ្លឺថា ករណីអ្នកគ្រូម្នាក់នៅសាលាបឋមសិក្សាថ្មគ្រែ ខេត្តក្រចេះ កាន់អំបោសបោសដីរត់ដេញកូនសិស្សក្រៅថ្នាក់រៀនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺមិនមែនជាករណីអ្នកគ្រូដេញវាយសិស្សបែកមុខ បែកមាត់ឡើយដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមឡើយ ពោលគឺជារឿងជម្លោះកើតឡើងរវាងអ្នកគ្រូ និងអ្នកគ្រូថ្នាក់ទី២ដូចគ្នា។

ប្រធានមន្ទីរអប់រំខេត្តក្រចេះបានបញ្ជាក់ប្រាប់ EAC news ថា ករណីនោះបានកើតឡើងនៅពេលដែលអ្នកគ្រូថ្នាក់ទី២ ឈ្មោះ ភោគ វណ្ណៈ និងអ្នកគ្រូ សុខ ស្រីម៉ៅ បង្រៀនគួរនៅម៉ោង១២ ដល់ម៉ោង១រសៀល នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ មុនដំបូងឡើយ អ្នកគ្រូ សុខ ស្រីម៉ៅ បានបង្ហោះវីដេអូដោយចោទថាអ្នកគ្រូ ភោគ វណ្ណៈ ជាអ្នកវាយកូនសិស្សដោយអំបោសធ្វើឱ្យសិស្សមានរបួសស្នាមដោយសារតែអ្នកគ្រូ វណ្ណៈ រើសអើងសិស្សអ្នកមាន និងសិស្សអ្នកក្រ។

លោកប្រធានមន្ទីរអប់រំខេត្តក្រចេះបានអះអាងថា ក្រោយពីមានករណីនេះកើតឡើង មន្ទីរអប់រំខេត្តបានចុះទៅសួរនាំលោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាក្សីដទៃទៀតដែលបានឃើញហេតុការណ៍ផ្ទាល់។

លោកបន្តថា សាក្សីដែលជាអ្នកគ្រូលោកគ្រូ និងកូនសិស្សឃើញហេតុការណ៍ផ្ទាល់ បានបញ្ជាក់ថា អ្នកគ្រូ ស្រីម៉ៅ ដែលបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុករៀបរាប់ថាអ្នកគ្រូវណ្ណៈកាន់អំបោសវាយសិស្ស តាមការពិត អ្នកគ្រូ ស្រីម៉ៅ គឺជាអ្នកដែលទៅវាយអ្នកគ្រូ វណ្ណៈ ស្ទើរតែសន្លប់ ហើយបញ្ជាឱ្យកូនសិស្សរបស់គាត់ថាឱ្យ អ្នកគ្រូ វណ្ណៈ ជាអ្នកវាយសិស្ស និងបញ្ជាឱ្យកូនសិស្សម្នាក់សម្តែងធ្វើជាយំដោយចោទថាអ្នកគ្រូវណ្ណៈបានជេរមកលើរូបគេ។

លោក ឡាយ បូរ៉ា បញ្ជាក់ថា ដើមឡើយ អ្នកគ្រូ ស្រីម៉ៅ បានចោទថា កូនសិស្សអ្នកគ្រូ វណ្ណៈ ចាក់សោរថ្នាក់ អ្នកគ្រូ ស្រីម៉ៅ ទើប អ្នកគ្រូ ស្រីម៉ៅ ទៅរករឿង អ្នកគ្រូ វណ្ណៈ ហើយអ្នកគ្រូ វណ្ណៈ ក៏បានទៅសួរនាំកូនសិស្សរបស់គាត់ដោយកាន់អំបោសមកជាមួយដូចតាមវីដេអូដែលអ្នកគ្រូស្រីម៉ៅបង្ហោះ។ បើតាមប្រធានមន្ទីរអប់រំខេត្ត ការឈានដល់មានជម្លោះរវាងអ្នកគ្រូនិងអ្នកគ្រូ គឺកើតចេញពីការច្រណែនគ្នាលើការបែងចែកសិស្សរៀនគួរ។

ទាក់ទិនរូបភាពកូនសិស្សមានរបួសស្នាមត្រង់មុខ ត្រង់ក ប្រធានមន្ទីរអប់រំខេត្ត លោក ឡាយ បូរ៉ា បានបញ្ជាក់ថា គឺមិនមែនកើតឡើងដោយសារតែអ្នកគ្រូភោគ វណ្ណៈ ជាអ្នកវាយទេ ពោលកើតឡើងដោយសារពួកគេភ័យនឹងអ្នកគ្រូ សុខ ស្រីម៉ៅ ដេញតាមថតពួកគេ ទើបពួកគេរត់ផ្លោះបង្អួចដួលតែប៉ុណ្ណោះ។

តែយ៉ាងណា លោក ឡាយ បូរ៉ា បានលើកឡើងថា មន្ទីរអប់រំខេត្តនឹងនៅតែបន្តស្រាវជ្រាវជុំវិញករណីនេះឱ្យបានល្អិតល្អន់បន្ថែមទៀត ខណៈភាគីទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក