អ៉ីតាលី៖ ក្លិបបាល់ទាត់ Eintracht Frankfurt របស់អាល្លឺម៉ង់ នឹងត្រូវធ្វើដំណើរទៅប្រកួតនៅក្រៅទឹកដីរបស់ខ្លួនដោយអវត្តមានខ្សែប្រយុទ្ធសំខាន់មួយរូបគឺ Randal Kolo Muani ព្រមទាំងអវត្តមានអ្នកគាំទ្ររបស់ខ្លួននៅកីឡដ្ឋាន ក្នុងជំនួបទល់នឹងក្រុមកំពូលតារាងនៃលីគអ៉ីតាលី Napoli ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយជើងទី២ នាព្រឹកឈានចូលថ្ងៃទី១៥ ខែមីនាស្អែកនេះ។
Frankfurt នឹងត្រូវអវត្តមានខ្សែប្រយុទ្ធសញ្ជាតិបារាំង Randal Kolo Muani និងអវត្តមានកីឡាករ Jesper Lindstrom ដោយសារបញ្ហារបួស ដែលអ្នកទាំងពីរសរុបចូលគ្នារកគ្រាប់បាល់បាន ១៨គ្រាប់សម្រាប់ក្លិបនៅក្របខណ្ឌ Bundesliga រដូវកាលនេះ។ ស្ថានការណ៍ក៏កាន់តែយ៉ាប់យ៉ឺនសម្រាប់ Frankfurt គ្រាដែលអាជ្ញាធរបានហាមឃាត់អ្នកគាំទ្រមកពីអាល្លឺម៉ង់មិនឱ្យចូលទស្សនាក្នុងកីឡដ្ឋាន ដោយលើកឡើងពីកត្តាសន្តិសុខ ត្បិតអ្នកគាំទ្រទាំងពីរធ្លាប់បានប៉ះទង្គិចគ្នាម្តងរួចមកហើយអំឡុងការប្រកួតជើងទី១។
យ៉ាងណាក្តី គ្រូបង្វឹកក្លិប Frankfurt លោក Oliver Glasner នៅតែជឿជាក់ថាក្រុមលោកអាចវាយបកបានសម្រាប់លទ្ធផលបច្ចុប្បន្នដែល Napoli កំពុងនាំមុខ ២-០ ដោយលោកថានេះគឺជាគោលដៅរបស់ក្រុមទាំងមូលដែលត្រូវស៊ុតបញ្ចូលទីយ៉ាងតិច ២គ្រាប់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអាចឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។
គួរបញ្ជាក់ថា ក្លិប Frankfurt នៅមិនទាន់រកបានជ័យជម្នះនៅឡើយទេ ចាប់តាំងពីចាញ់ Napoli នៅជើងទី១ ២-០ កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ ដោយបានត្រឹមលទ្ធផលស្មើ ២ប្រកួត និងចាញ់ ១ប្រកួតក្នុងក្របខណ្ឌ Bundesliga។ អវត្តមានរបស់កីឡាករ Lindstrom និង Kolo Muani នឹងជាកត្តាលំបាកបំផុតសម្រាប់ Frankfurt ក្នុងការរកគ្រាប់បាល់នៅយប់នេះ។
ទាក់ទងនឹងអវត្តមានអ្នកគាំទ្រ គ្រូបង្វឹករបស់ Frankfurt ក៏ទទួលស្គាល់ថាមានផលប៉ះពាល់មួយចំនួនដល់ការប្រកួតយប់នេះផងដែរ ដោយលោកបានបញ្ជាក់ថាវាហាក់ខ្វះការជំរុញទឹកចិត្ត បន្ថែមពីអ្វីដែលកីឡាករមានស្រាប់នៅលើទីលាន។ លោកថានឹងព្យាយាមបង្ហាញពីអ្វីដែល Frankfurt និងបាល់ទាត់មាន ដោយនឹងរង់ចាំមើលលទ្ធផលក្រោយចប់ការប្រកួត៕