ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីរម្លឹកក្នុងវេទិកាអន្តរជាតិស្ដីពីជនមានពិការភាពថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាម កម្ពុជាមិនដែលមានជំនឿថាសង្គ្រាមអាចបញ្ចប់ដោយសង្រ្គាមបាននោះទេ។ សម្ដេចតេជោ ថ្លែងបែបនេះក្នុងសន្នីសិទជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលរៀបចំឡើងនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកថ្ងៃទីពុធ ទី១៥ ខែមីនា នេះថា ការលេចចេញនូវការប្រណាំងប្រជែងរបស់មហាអំណាចដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ពិភពលោកបំផ្លាញដល់ការគោរពច្បាប់អន្តរជាតិ។ សម្ដេចតេជោបន្ថែមថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្ក្រាមបាននោះទេ» ខណៈសម្ដេចេបានលើកជាយោបល់ថាការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញាអង្គការសហប្រជាជាតិគឺជារឿងសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

សម្ដេចថា៖ «ចំពោះបញ្ហាសង្គ្រាមកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្ត្រហើយជាការពិតសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្ដិវិធីតាមរយៈការសន្ទនា ការចរចារតែប៉ុណ្ណោះទើបអាចសម្រេចបាននូវសុខសន្ដិភាពបាន»។

ជាមួយគ្នានេះសម្ដេចតេជោ បានលើកឡើងថាសន្ដិភាពពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយការអនុវត្តន៍សិទ្ធិជនមានពិការភាពនេះទៅរួមគឺដោយសារកត្តាសន្ដិភាពនេះផងដែរ។

សម្ដេចបញ្ជាក់ថា៖ «វាជាការចាំបាច់ដើម្បីធ្វើឱ្យជនមានពិការភាពទទួលបាននូវសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពរួមទាំងសិទ្ធិទទួលបានការអប់រំ សេវាសុខភាព សេវាយុត្តិធម៌ និងការចូលរួមក្នុងសង្គម សាសនា កីឡា សិល្បះ នយោបាយ ដោយស្មើភាព»។

កម្ពុជាជាប្រទេសមួយធ្លាប់រងគ្រោះដោយសារសង្គ្រាម ហើយបើទោះបីបច្ចុប្បន្នបានសន្ដិភាពក្ដីក៏សំណល់នៃសង្គ្រាម និងគ្រាប់មីននៅតែតាមយីយាប្រជាជនកម្ពុជាស្ទើរាល់ថ្ងៃ គិតត្រឹមឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៦ម៉ឺននាក់ សម្លាប់មនុស្សជិត២ម៉ឺននាក់ បង្កររបួសជាង ៣ម៉ឺន ៦ពាន់នាក់ និងធ្វើឱ្យពិការអវៈយៈវៈ ជិត ១ម៉ឺននាក់។

កម្ពុជានឹងរៀបចំសន្នីសិទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ចំនួន៣ ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាប័ន្ននៅថ្នាក់សហគមន៍ (CBID)» ដោយផ្ដោតលើកការពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ការលើកស្ទួយសុខុមាលភាពសង្គម និងគាំពារសម្រាប់ជនមានពិការភាព លើកកម្ពស់ការចូលរួមដោយគ្មានការរើសអើងសម្រាប់ជនមានពិការភាព និងការអនុវត្តល្អក្នុងកម្មវិធី CBID ក្នុងអំឡុង និងក្រោយជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក