សៀមរាប៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះរាជបន្ទូលថា តាមសេចក្តីទូលស្នើសុំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។
ក្នុងអំឡុងព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ គង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារ ថ្លែងអំណរគុណដល់ជនរួមជាតិនិងអន្តរជាតិ ដែលបានសម្តែងនូវសមានចិត្តសោកស្តាយចំពោះ ព្រឹត្តិការណ៍នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆាបឆេះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០៥នាទី កន្លងមកនេះ។
សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ចតស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញ យុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។
គួរឱ្យដឹងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្តេចចៅហ្វាវវាំង គង់ សំអុល បានអញ្ជើញរៀបចំពិធីបួងសួងក្រុងពលីសុំរុះរើនឹងជួសជុលទាំងស្រុង ក្រោយអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូចក្រុងសៀមរាបនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣៕