វៀងចន្ទន៍៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។
លោក ថោង ខុន លើកឡើងបែបនេះអំឡុងពេលដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេល៤ថ្ងៃ ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងដំណើរបំពេញទស្សនាកិច្ចនេះដែរ លោកបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង និង បានថ្លែងថា៖ «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។
ជាមួយគ្នានេះភាគីកម្ពុជា-ឡាវក៏បានជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមកផងដែរ។
គួរឱ្យដឹងដែរថា ប្រទេសឡាវមានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់វៀងច័ន្ទន៍ ដូច្នេះទេសចរចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍ បន្តឡើងយន្តហោះមកកម្ពុជា៕