
ឆ្មាំសមុទ្រកម្ពុជា៣០នាក់ទទួលការបណ្តុះបណ្តាលជួយសង្គ្រោះជនរងគ្រោះខាងផ្លូវទឹកពីអ្នកជំនាញប្រទេសថៃ
ព្រះសីហនុ៖ ឆ្មាំសមុទ្រចំនួន៣០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ពីគ្រូជំនាញប្រទេសថៃរយៈពេល ៥ ថ្ងៃដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាលោក ឈើតគៀត អាថាកន និង អភិបាលរងខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត បានអញ្ជើញក្នុងវគ្គបណ្តុះបណ្តាលខ្លី ស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ នៅតំបន់សមុទ្រខេត្តព្រះសីហនុ។
ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានលើកឡើងថាវគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្តនិងថ្នាក់ជាតិ ការពង្រឹងនូវសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិនិងបរទេសជាច្រើននៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រ ស្របតាមគោលនយោបាយរបស់កម្ពុជានិងថៃក្រោមតម្រោង Two Kingdoms One Destinationនឹងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុ នៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។
ជាមួយគ្នានេះដែរលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀត ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះ អាយុជីវិតមនុស្ស សត្វ ពិសេសក្នុងការត្រៀមបង្ការនូវរាល់ឧបទវហេតុនានាដែលអាចកើតមានឡើង នៅលើផ្ទសមុទ្រ។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវការចំនួន ១៨នាក់ បាននឹងកំពុងប្រចាំការនៅតាមគោលដៅដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។
គួរឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាល «ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នៅលើទឹកដីខេត្តព្រះសីហនុ៕