ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យដឹងនៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣ថា នគរបាលជំនាញឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ ពាក់ពន្ធ័នឹងការចាប់បង្ខាំងជនជាតិចិនដូចគ្នា ដោយដកហូតបានអាវុធ ២ដើម និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់ក៏ត្រូវបានជួយសង្គ្រោះផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់សម្តេចក្រឡាហោម ស ខេង ឲ្យសមត្ថកិច្ចជួយស្វែងរកជនបរទេសចំនួន ១នាក់ ជនជាតិចិន ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។ តាមរយៈការស្រាវជ្រាវពីសមត្ថកិច្ចជំនាញ ចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចំរុះបានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗក្នុងក្រុងព្រះសីហនុ និងចុងក្រោយចុះទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញជនសង្ស័យពាក់ព័ន្ធចំនួន ៣នាក់។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំងដកហូតសម្ភារៈរួមមាន រថយន្ត AUDI ពណ៍ខ្មៅ ស្លាកលេខ 2AD-8796 ១គ្រឿង រថយន្ត RANDROVER ពណ៍ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 ១គ្រឿង រថយន្ត RANDROVER ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 ១គ្រឿង អាវុធខ្លី GLOCK 19 GEN 4 ១០គ្រាប់ ១ដើម អាវុធ GLOCK 17 ខ្លីប្រើហ្គាស ១ដើម ទូរស័ព្ទ ចំនួន ២គ្រឿង ដំបងដែក ១ដើម គ្រឿងញៀនមួយចំនួនធំ និងសម្ភារៈពាក់ពន្ធ័មួយចំនួន ព្រមទាំងលិខិតឆ្លងដែន ១ច្បាប់។
បច្ចុប្បនុ្ន ជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះចំនួន ៣នាក់ ជាជនជាតិចិន និងជនរងគ្រោះ ១នាក់ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ៕