(ភ្នំពេញ)៖ កិច្ចប្រជុំតាមរយៈវីដេអូ Conference រវាងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងជាបន្ទាន់នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីពង្រឹងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងរៀបចំវិធានការបិទផ្សារនានា ព្រមទាំងរៀបចំកន្លែងយកសំណាកអ្នកសង្ស័យមានកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយត្រូវបិទផ្សារមួយចំនួនធំទៀតដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះកំពុងវាយលុកយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់រៀបចំទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យត្រឹមត្រូវហើយរក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋក្នុងពេលមកទទួលការចាក់វ៉ាក់សាំង។
អភិបាលរាជធានីភ្នំពេញ បានចាប់អារម្មណ៍ចំពោះប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ខណៈពេលដែលពួកគាត់ទៅផ្សារហាក់មិនខ្លាចពីការឆ្លងកូវីដ-១៩។ លោក ឃួង ស្រេង បានចាត់ទុកទង្វើទាំងនេះ ជាហេតុធ្វើឲ្យការឆ្លងនៅតាមផ្សារនានាមានការកើនឡើងយ៉ាងឆាប់រហ័យគួរឱ្យព្រួយបារម្ភ។ លោកអភិបាលរាជធានីភ្នំពេញថា ដោយសារបញ្ហាប្រឈមខ្លាំងទាំងនេះ ទើបរដ្ឋបាលរាជធានីសម្រេចបិទផ្សារជាបន្តបន្ទាប់ ហើយជាគម្រោងនឹងបន្តបិទផ្សារមួយចំនួនធំទៀត ដើម្បីកាត់ផ្តាច់ឱ្យបាននូវខ្សែរចម្លងមេរោគកូវីដ-១៩តែម្តង។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបាន តាមរយៈ អនឡាញ តាមឡានលក់បន្លែត្រី សាច់ឬ តាមរឺម៉កជាដើម ដោយមិនឱ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ អាជ្ញាធត្រូវតាមដាននិងពិនិត្យទៅលើតម្លៃនេះ៕