តាកែវ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ១ ៥៥០នាក់ ស្ថិតក្នុងភូមិ ត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយសហការជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស យុវជន ស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានមានប្រសាសន៍ថា ទាំងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត និងភរិយា គឺតែងតែបានគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនអ្នកជម្ងឺ ដែលមានករណីធ្ងន់ធ្ងរ មកព្យាបាលនៅរាជធានីភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុង។
អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងា រគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវលោក ពេជ សោភ័ណ បានកោតសសើរក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានខិតខំចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកថា៖ «ជាក់ស្តែងនេះជាលើកទី៧ហើយសម្រាប់អ្នកស្រុកព្រៃកប្បាសនេះ មិនថាព្យុះភ្លៀង រងារ ក្តៅយ៉ាងទេ គឺក្រុមការងារបានស្ម័គ្រចិត្តរៀងៗខ្លួន គ្មានការបង្ខិតបង្ខំ គឺធ្វើដើម្បីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមបន្តថាសកម្មភាពទាំងនេះ បើគ្មានសុខសន្តិភាព គឺមិនអាចទៅរួចនោះទេ។ ដូច្នេះសូមអរគុណសន្តិភាព»។
ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលនាឱកាសនោះ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ដែលតែងតែគិតគូរសុខភាពប្រជាពលរដ្ឋជារៀងរហូតមក ដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយ ជាការលើកឡើងរបស់ពួកគាត់។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបចំនួន ១ ៥៥០នាក់ ស្មើនិង ២ ៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៧ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕