ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងប្រាប់សកម្មជនអង្គការមាតាធម្មជាតិថាការចូលរួមធ្វើការជាមួយរដ្ឋាភិបាលគឺជាការស្វែងរកដំណោះស្រាយរួមនិងមានលទ្ធផល។ សម្ដេចបានចោទសួរថា បើអ្នកចាំតែបាតុកម្ម និងជំទាស់ ដោយគ្មានការចូលរួមពីរដ្ឋាភិបាលតើបានអីចេញ?
សម្ដេចតេជោ ហ៊ុន សែន បានទូរស័ព្ទទៅកាន់ក្រុមយុវជនអតីតស្ថានិក និងសមាជិកអង្គការមាតាធម្មជាតិជាង ៣០នាក់កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយបាននិយាយថា វាប្រសើរក្នុងការធ្វើការជាមួយខ្មែរដែលមានឈាមដូចគ្នា ជាជាងធ្វើការជាមួយបរទេស។ សម្ដចបានលើកឧទាហរណ៍ថា ពីមុនពេលដែលសកម្មជនទាំងនោះធ្វើការជាមួយបរទេសហើយប្រឆាំងនឹងរដ្ឋាភិបាលគឺមិនដែលមានដោះស្រាយនោះទេ។
សម្ដេចតេជោថា៖ «នៅពេលដែលបោះជំហានមកកាន់រដ្ឋាភិបាលគឺមានសេចក្ដីថាអ្នកទាំងអស់គ្នាទាំងរដ្ឋាភិបាល និងយុវជនទៅជាមួយ។ ព្រោះនេះជាសម្បត្តិជាតិខ្មែរទាំងមូយ អញ្ចឹងចាំតែបាតុកម្ម និងជំទាស់ ដោយគ្មានការចូលរួមពីរដ្ឋាភិបាលតើបានអីចេញ?»។
សម្ដេចតេជោបានលើកឡើងថា ការការពារបរិស្ថានគឺការពារការងាររបស់សហគមន៍ទេសចរណ៍ ហើយស្របតាមនយោបាយកម្ពុជាបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
មួយរយៈចុងក្រោយនេះ ក្រុមសកម្មជនដែលពីមុនធ្លាប់បានប្រឆាំងនឹងរដ្ឋាភិបាលបាននាំគ្នាចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដែលពួកគេលើកឡើងថាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដែលកម្ពុជាកំពុងកើតមាន៕