ប៊ែលហ្សិក៖ នាយករដ្ឋមន្រ្តីប៊ែលហ្សិក លោក Alexander De Croo នៅចុងសប្តាហ៍នេះ បានប្រកាសពីការហាមឃាត់មិនឱ្យមន្រ្តីសហព័ន្ធទាំងអស់មានកម្មវិធីកម្សាន្ត TikTok នៅលើទូរសព្ទដៃធ្វើការរបស់ខ្លួនឡើយ ដែលនាំឱ្យប៊ែលហ្សិកក្លាយជាប្រទេសថ្មីចុងក្រោយដែលមានចំណាត់ការទៅលើកម្មវិធីកម្សាន្តយក្សរបស់ចិនមួយនេះ។ គួរបញ្ជាក់ថា កន្លងមកមានប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបានហាមឃាត់មន្រ្តីរដ្ឋាភិបាលមិនឱ្យមានកម្មវិធី TikTok ដោយក្តីបារម្ភចំពោះសន្តិសុខទិន្នន័យដែលអាចកើតមានឡើងពីកម្មវិធីនេះ។
ស្ថាប័នគ្រប់គ្រងរបស់សហភាពអឺរ៉ុបក៏បានប្រាប់បុគ្គលិករបស់ខ្លួនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឱ្យលុបកម្មវិធី TikTok ចេញពីស្មាតហ្វូន និងកុំព្យូទ័រយួរដៃ (Laptop) របស់ខ្លួនដែលប្រើប្រាស់សម្រាប់គោលបំណងបំពេញការងារ។
អ្នកនាំពាក្យនៃកម្មវិធី TikTok បានចេញមុខមកឆ្លើយតបនឹងបញ្ហានេះថា ក្រុមហ៊ុនមានការខកបំណងចំពោះការហាមឃាត់នេះ ដែលបានធ្វើឡើងដោយមានការយល់ខុសទៅលើព័ត៌មានជាមូលដ្ឋានអំពីក្រុមហ៊ុនរបស់យើង។ TikTok មិនមែនជាក្រុមហ៊ុនចិននោះទេ ក្រុមហ៊ុនមេរបស់យើងក៏មានកិច្ចសហការនៅក្រៅប្រទេសចិនផងដែរ និងមានការគ្រប់គ្រងភាគហ៊ុនធំពីសំណាក់អ្នកវិនិយោគធំៗលំដាប់ពិភពលោកផ្សេងទៀតផងដែរ។ ក្រុមហ៊ុនក៏បានបន្ថែមថា ទិន្នន័យនៃអ្នកប្រើប្រាស់កម្មវិធី TikTok ក៏មិនមែនត្រូវរក្សាទុកនៅប្រទេសចិនដូចគ្នា។
ថ្មីៗនេះ បណ្តាប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកផងនោះ បានចាត់វិធានការជាអតិបរមាចំពោះកម្មវិធី TikTok ដែលជាកម្មវិធីក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance។ យ៉ាងណាមិញ កន្លង TikTok ក៏បានសហការជាមួយក្រុមហ៊ុនសន្តិសុខធំៗរបស់ចិនទៅលើការរក្សា និងការពារទិន្នន័យរបស់អ្នកប្រើប្រាស់ផងដែរ ជាក់ស្តែងចាប់ពីឆ្នាំ២០២៣ ទៅ ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអឺរ៉ុប នឹងត្រូវរក្សាទុកនៅទីក្រុង Dublin ប្រទេសអៀរឡង់ និងរក្សាទុកនៅប្រទេសណ័រវេយ៍៕