ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោក ស៊ី ជិនពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជាប់ឆ្នោតសារជាថ្មីរបស់លោកស៊ី បានបង្ហាញពីភាពជោគជ័យនៃការសាងប្រទេសនិងប្រជាជនចិន និងសង្ឃឹមថាលោកស៊ី នឹងបន្តជំរុញប្រទេសចិនឱ្យសម្រេចបាននូវសមិទ្ធផលកាន់តែច្រើនថែមទៀត និងបោះជំហានទៅមុខឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្ដិភាពនិងវិបុលភាពពិភពលោក។
ជាមួយគ្នានេះសម្ដេចក៏បង្ហាញពីជំនឿចិត្តលើកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងចិន ដែលនឹងរីកចម្រើនបន្ថែមទៀតផងដែរ។
សម្ដេចតេជោបានលើកឡើងថា៖ «ក្នុងនាមជាមិត្តដែកថែប កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិនដើម្បីអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីជាប្រយោជន៍រួមរស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក»។
កាលពីថ្ងៃទី១០ ខែមីនា សភាប្រជាជនចិនដែលមានសមាជិកប្រមាណជិត ៣ពាន់នាក់ បានបោះឆ្នោតតែងតាំងលោក ស៊ី ជិនពីង ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៣ និងជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន ដែលជាការបង្ហាញអំពីអំណាច និងជាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតមួយរូបក្នុងនយោបាយចិនជាច្រើនជំនាន់មកនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលលុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតី ដែលជាការបើកផ្លូវឱ្យលោក Xi Jinping បន្តស្ថិតក្នុងតំណែងកំពូលរបស់ចិនសម្រាប់អាណត្តិទី៣ និងនៅតែជាបុគ្គលមានឥទ្ធិពលបំផុតរបស់ចិនរយៈពេល ៥ឆ្នាំបន្តទៀត។ ជានិច្ចកាល ចិនតែងតែមានសមាជសភាទ្រង់ទ្រាយធំរៀងរាល់ ៥ឆ្នាំ ដែលជាធម្មតាតែងតែមានការរុះរើក្នុងក្បាលម៉ាស៊ីនរដ្ឋាភិបាលដោយការបោះឆ្នោតពីសមាជិកសភា៕