ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមហ៊ុនស៊ីប៊ីស៊ី និងក្រុមហ៊ុនស៊ីប៊ីអេស សម្ពោធជាផ្លូវការលើគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់

ភ្នំពេញ៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានផ្តួចផ្តើមរួមគ្នាជាមួយនឹងក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ភីធីអ៊ី អិលធីឌី (CBS) ដែលស្ថិតនៅក្រោមក្រុមហ៊ុនក្រេឌីតប្យួរ៉ូអាស៊ី លីមីតធីត (CBA) បានសម្ពោធជាផ្លូវការនូវគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់រវាងប្រទេសទាំងពីរ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃការផ្តល់សេវាចែករំលែករបាយការណ៍ឥណទានរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរនៃធនាគារកណ្តាលទាំងពីរ និងក្រុមហ៊ុនចែករំលែករបាយការណ៍ព័ត៌មានឥណទានរបស់ប្រទេសទាំងពីរ

ក៏ដូចជាថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និងហរិញ្ញវត្ថុជាច្រើនផងដែរ។

ការផ្តួចផ្តើមនេះបានធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីអេស និង ស៊ីប៊ីស៊ី អាចមានលទ្ធភាពក្នុងការចេញរបាយការណ៍ឥណទានបន្ទាប់ពីមានការស្នើសុំពីបុគ្គលម្នាក់នោះ ក្នុងករណីទីមួយគឺនៅពេលដែលបុគ្គលម្នាក់ធ្វើការស្នើសុំត្រួតពិនិត្យមើលលើលទ្ធភាពទទួលបានឥណទានរបស់គេជាមួយស្ថាប័ននោះ និងទីពីរនៅពេលដែលបុគ្គលម្នាក់បានដាក់ពាក្យធ្វើការងារនៅក្នុងស្ថាប័នហរិញ្ញវត្ថុដោយស្ថិតនៅក្រោមលក្ខន្តិកៈត្រឹមត្រូវនិងសមស្រប ដែលតម្រូវឲ្យមានការត្រួតពិនិត្យរបាយការណ៍ឥណទានតាមលក្ខខណ្ឌការងារ។

ការទទួលបានព័ត៌មានឥណទាននេះនឹងធ្វើឲ្យស្ថាប័នហរិញ្ញវត្ថុទទួលបាន ការត្រួតពិនិត្យលើ លទ្ធភាពឥណទានរបស់បុគ្គលម្នាក់ៗបានកាន់តែច្បាស់លាស់ និងជាក់លាក់ មុនពេលធ្វើការផ្តល់ផលិផលឥណទានផ្សេងៗ នៅក្នុងប្រទេសទាំងពីរ និងនៅពេលទទួលបានឧកាសការងារ ទោះបីនៅប្រទេសកម្ពុជាឬនៅក្នុងប្រទេសសិង្ហបុរីក៏ដោយ ក៏បុគ្គលម្នាក់ៗមានលទ្ធភាពទទួលបានរបាយការណ៍ឥណទាន ដើម្បីត្រួតពិនិត្យប្រវត្តិរបស់ខ្លួនដែរ។

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា លោកស្រី ជា សេរី មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី ធ្វើការគាំទ្រ និងជ្រោមជ្រែងលើគំនិតផ្តួចផ្តើមដ៏ធំនេះ ដើម្បីពង្រឹងលទ្ធភាពដល់សាធារណៈជនក្នុងការគ្រប់គ្រងលើព័ត៌មានឥណទានផ្ទាល់ខ្លួនដែលជាលក្ខណៈឆ្លងតំបន់។

លោកស្រីថ្លែងថា៖ «ការិយាល័យឥណទានទាំងពីរ បានធ្វើការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បី ឲ្យការសហការលើគម្រោងនេះ អាចសម្ភោធដាក់ឲ្យប្រើប្រាស់បានជាផ្លូវការ ដែលនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅកាន់ធុរៈកិច្ច ក៏ដូចជាចំពោះបុគ្គល ដែលមកពីប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីបង្កើតឱកាសឲ្យកាន់តែច្រើនដល់ពួកគេ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងសង្ឈឹមថាយើងនឹងអាចពង្រីកកិច្ចសហការរបស់យើង ទៅកាន់ការិយាល័យឥណទានផ្សេងទៀតនៅក្នុងតំបន់អាស៊ាន»។

បន្ទាប់ពីរបាយការណ៍ឥណទានបានផ្តល់ជូនទៅស្ថាប័នហរិញ្ញវត្ថុជាសមាជិក និងក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ បុគ្គលម្នាក់ៗនឹងទទួលបាន របាយការណ៍ឥណទានមួយច្បាប់ដូចគ្នាដែរ ដើម្បីធ្វើជាឯកសារយោង ក្នុងករណីថាប្រសិនបើបុគ្គលម្នាក់នោះ រកឃើញថាទិន្នន័យនៅលើរបាយការណ៍ឥណទានរបស់គេណាមួយមិនត្រឹមត្រូវ នោះដំណើរការនៃការស្នើសុំធ្វើការកែប្រែនឹងត្រូវបានធ្វើការតាមដានលើការស្នើសុំកែប្រែរបស់បុគ្គលផ្ទាល់។

ទាំងក្រុមហ៊ុនស៊ីប៊ីអេស និងស៊ីប៊ីស៊ី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថាគម្រោងនេះដំណើរការស្របទៅតាមក្របខណ្ឌ ផែនការការងារ ក៏ដូចជាលក្ខខណ្ឌផ្សេងៗរបស់និយ័តករផងដែរ។ ដោយក្រុមហ៊ុនទាំងពីរនឹងផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់ លើលទ្ធភាពទទួលបានឥណទានសម្រាប់អ្នកទើបចូលទៅប្រទេសថ្មីៗ ហើយក៏ដើម្បីផ្សារភ្ជាប់នូវចន្លោះប្រហោងរវាងអ្នកផ្តល់ឥណទាន និងនិយោជក ដែលកំពុងជួបប្រទះបញ្ហាលើដំណើរការត្រួតពិនិត្យ លើព័ត៌មានរបាយការណ៍របស់បុគ្គលម្នាក់ដែលទើបផ្លាស់ប្តូរទៅប្រទេសណាមួយ។

ប្រធាននាយកប្រតិបត្តិរបស់ ស៊ីប៊ីអេស លោក William Lim បានលើកឡើងថា «ស៊ីប៊ីអេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង លើការទទួលបានឥណទាននៅប្រទេសសិង្ហបុរីក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ។

លោកថ្លែងថា៖ «យើងជឿថា គំនិតផ្តួតផ្តើមគម្រោងថ្មីនេះនឹងជួយកសាង និងពង្រឹងប្រព័ន្ធគ្រងគ្រងឥណទានរបស់ការិយាល័យឥណទានទាំងពីរឲ្យកាន់តែមានវឌ្ឍនភាព។ កិច្ចសហការនេះ គឺជាជំហានវិជ្ជមានដំបូង ក្នុងដំណើរការផ្លាស់ប្តូរទិន្នន័យឆ្លងដែនទៅវិញទៅមក ដើម្បីការទទួលបានឥណទានកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេសផងដែរ។ យើងសង្ឈឹមថានេះជាគម្រោងមួយក្នុងការត្រួសត្រាយ ផ្លូវសម្រាប់កិច្ចសហការទ្វេភាគីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នហរិញ្ញវត្ថុ ដែលជាសមាជិករបស់យើង នៅពេលដែលអនុលោមតាមលក្ខខណ្ឌត្រឹមត្រូវ»។

ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា លោក អឿ សុធារ័ត្ន បានបញ្ជាក់ផងដែរថា នេះជាសមិទ្ធផលដ៏ធំធេងមួយរបស់យើងក្នុងការសម្ពោធជាផ្លូវការលើគម្រោងប្រព័ន្ធចែករំលែកឥណទានឆ្លងតំបន់ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានរបស់ប្រទេសសិង្ហបុរី។ លោកនិយាយថា៖ «យើងជឿជាក់ថាគម្រោងនេះនឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅក្នុងប្រទេសទាំងពីរ។ ហើយគម្រោងមួយនេះដែរនឹងក្លាយជាគំនិតផ្តួចផ្តើមគំរូ នៅក្នុងតំបន់»។

ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានទាំងពីរ សង្ឃឹមយ៉ាងមុតមាំថាគំនិតផ្តួចផ្តើមនេះនឹងជួយជំរុញ បន្ថែមលើវិវឌ្ឍនភាពវិស័យទាំងមូល មិនតែប៉ុណ្ណោះគម្រោងនេះនឹងក្លាយជាពុម្ពគំរូមួយសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានអន្តរជាតិផ្សេងទៀត ដើម្បីជួយឲ្យអ្នកផ្តល់សេវាឥណទាន ឬក៏និយោជកទាំងឡាយ ទទួលបានទិដ្ឋភាពច្បាស់លាស់ជាងមុន ក្នុងការស្វែងយល់ ត្រួតពិនិត្យលើលទ្ធភាពទទួលបានឥណទាន និងប្រវត្តិរបស់បុគ្គលម្នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក