ភ្នំពេញ៖ គម្រោងសិក្សាខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) លើកយកមកបង្ហាញពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងនេះជូនអ្នកជំនាញបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
អ្នកជំនាញបច្ចេកទេសក្រសួងបានផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។
គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតមានប្រវែង ៣៤,១៥គីឡូម៉ែត្រ សាងសង់ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង។
ក្នុងគម្រោងនេះដែរ ក្រសួងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន ៣បន្ថែមទៀត ដោយសា្ពនទី១ ពីផ្លូវជាតិលេខ៦ ទៅកោះដាច់ប្រវែង ១ ៣១១ម៉ែត្រ ស្ពានទី២ ពីកោះដាច់ទៅកោះតាងប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ ពីកោះតាងទៅផ្លូវ៧០បេ មានប្រវែង ១ ០៤៤ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។
គូសបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នក៏កំពុងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ១ ប្រវែង ៥២,៩៨៣គីឡូម៉ែត្រជិតរួចរាល់ផងដែរ ដោយខែឧសភា ឆ្នាំ២០២៣នឹងរួចរាល់ជាស្ថាពរ ដែលក្រវាត់ក្រុងខ្សែទី៣នេះសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក៕