
ក្រសួងសង្គមកិច្ចបិទបញ្ចប់ ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយទុករយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណីមានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ដីពីការបិទបញ្ចប់ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ចេញនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ក្រសួងសង្គមកិច្ចបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ចំនួន ៩៩ ១៦៩គ្រួសារ មានសមាជិកគ្រួសារសរុប ៣៧២ ៨៥៩ ដែលគិតជាទឹកប្រាក់សរុបជាង ៤៦ពាន់លានរៀល។
ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពី កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម។
គួរឱ្យដឹងដែលថា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតស្តីពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២៕