បេឡារុស្ស៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានចុះហត្ថលេខាទៅលើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យប្រើការកាត់ទោសប្រហារជីវិតប្រឆាំងនឹងមន្ត្រី និងទាហានដែលត្រូវបានកាត់ទោសពីបទក្បត់ជាតិក្នុងកម្រិតខ្ពស់។
បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តស្និទស្នាលបំផុតមួយរបស់រុស្សី គឺជាប្រទេសតែមួយគត់នៅក្នុងទ្វីបអឺរ៉ុបដែលនៅតែអនុវត្តច្បាប់កាត់ទោសប្រហារជីវិត ដែលបច្ចុប្បន្នបេឡារុស្សនៅមានទោសប្រហារជីវិតទៅលើឧក្រិដ្ឋជនដែលបង្កបទល្មើសឃាតកម្ម និងបទល្មើសពាក់ព័ន្ធនឹងអំពើ ឬផែនការភេវរកម្មជាអាទិ៍។
ចំពោះវិធីប្រហារជីវិតគឺធ្វើឡើងដោយការបាញ់កាំភ្លើងមួយគ្រាប់នៅផ្នែកខាងក្រោយនៃក្បាល។ ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរចំពោះក្រមព្រហ្មទណ្ឌដែលមានគោលបំណងពង្រឹងការប្រយុទ្ធរបស់ប្រទេសបេឡារុស្សប្រឆាំងនឹង "ឧក្រិដ្ឋកម្មនៃក្រុមជ្រុលនិយម (ភេរវករ) និងការតំរង់ទិសប្រឆាំងនឹងរដ្ឋ" ។ ដោយឡែក ចំពោះច្បាប់ថ្មីមួយទៀតក្រោមការដឹកនាំរបស់លោក Lukashenko គឺបានអនុម័តថា បុគ្គលណាម្នាក់ដែលបានធ្វើឱ្យខូចខាត ឬប៉ះពាល់ដល់កិត្តិយសនៃកងកម្លាំងប្រដាប់អាវុធបេឡារុស្ស នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ខណៈដែលរុស្សីបានអនុម័តច្បាប់មួយដែលស្រដៀងគ្នានេះដែរកាលពីឆ្នាំមុន ក្រោយពេលដែលរុស្សីបានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនៃការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន បេឡារុស្សមិនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមកលើអ៊ុយក្រែនដោយផ្ទាល់នោះទេ ប៉ុន្តែបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាទីកន្លែងសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងចាប់តាំងពីពេលនោះមក បេឡារុស្សបានអនុញ្ញាតឱ្យយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការវាយប្រហារលើប្រទេសអ៊ុយក្រែន៕