កូរ៉េខាងជើង៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់ម៉ីសីលផ្លោងរយៈចម្ងាយខ្លីមួយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនាម្សិលមិញនេះ ដែលជាការបង្ហាញកម្លាំងចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រៀមធ្វើសមយុទ្ធយោធារួមគ្នាដ៏សំខាន់មួយ។
គួរឱ្យដឹងថា ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរកំពុងស្ថិតក្នងស្ថានភាពអាក្រក់បំផុតមួយក្នុងប៉ុន្មានទស្សវត្សចុងក្រោយ ដោយកងកម្លាំងកូរ៉េខាងជើងដែលរងបំរាមជាញឹកញយពីប្រទេសនានារួមទាំងអង្គការសហប្រជាជាតិផងនោះ នៅតែបន្តធ្វើការសាកល្បងអាវុធនានារបស់ខ្លួន ជាពិសេសគឺការសាកល្បងនុយក្លេអ៊ែរជាដើម ខណៈកូរ៉េខាងត្បូងឯណេះវិញបានបង្កើនភាពស្និទស្នាល និងទំនាក់ទំនងជិតស្និទ្ធជាពិសេសទៅលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក ដែលជាការឆ្លើយតបទៅនឹងទង្វើរបស់កូរ៉េខាងជើង។
កាលពីឆ្នាំមុន របបដឹកនាំរបស់លោក Kim Jong-Un បានប្រកាសថាប្រទេសកូរ៉េខាងជើងនឹងជាប្រទេសមហាអំណាចនុយក្លេអ៊ែរដែលមិនអាចកែប្រែបាន ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ ខណៈដែលសហរដ្ឋអាមេរិកសម្លឹងរកការផ្លាស់ទីយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីការពារកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីមួយចេញពីទីក្រុងកំពង់ផែ Nampo ភាគខាងលិចរបស់កូរ៉េខាងជើងនៅម៉ោង ៦ៈ២០នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។
កូរ៉េខាងជើងកន្លងមកបានអះអាងជាយូរមកហើយថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចម៉ីសីលរបស់ខ្លួនធ្វើឡើងក្នុងគោលបំណងសម្រាប់ការពារខ្លួនប៉ុណ្ណោះ ហើយបានលើកឡើងអំពីសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ដោយពណ៌នាថាជាការហាត់សមដែលមានគោលបំណងសម្រាប់ការឈ្លានពាន។ កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាបង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ ហើយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានធ្វើការព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើការស្ទាក់ចាប់ការសាកល្បងកាំជ្រួចណាមួយរបស់ទីក្រុងព្យុងយ៉ាង សកម្មភាពនោះនឹងអាចត្រូវបានចាត់ទុកថាជាការប្រកាសសង្គ្រាម៕