ចិន៖ លោក Xi Jinping នៅថ្ងៃសុក្រ ទី១០ ខែមីនានេះ ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៣ និងជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន ដែលជាការបង្ហាញអំពីអំណាច និងជាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតមួយរូបក្នុងនយោបាយចិនជាច្រើនជំនាន់មកនេះ។ សមាជិកសភាជាតិប្រជាជនចិនប្រមាណជិត ៣,០០០នាក់ បានបោះឆ្នោតជាឯកច្ឆ័ន្ទគាំទ្រលោកប្រធានាធិបតី Xi ឱ្យបន្តតំណែង ខណៈមិនមានបេក្ខជនណាផ្សេងប្រជែងក្នុងការបោះឆ្នោតនេះឡើយ។
ក្រៅពីទទួលបានសំឡេងគាំទ្រតែងតាំងជាប្រធានាធិបតី លោក Xi ក៏ទទួលបានការទុកចិត្តតែងតាំងជាប្រធានគណៈកម្មការមជ្ឈិមយោធារបស់ចិន សម្រាប់អាណត្តិទី៣ផងដែរ។ ក្នុងនោះសមាជិកសភាក៏បានបោះឆ្នោតគាំទ្រលោក Zhao Leji ជាប្រធានថ្មីនៃសភាជាតិប្រជាជនចិន និងលោក Han Zheng ជាអនុប្រធានាធិបតីថ្មី។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលលុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតី ដែលជាការបើកផ្លូវឱ្យលោក Xi Jinping បន្តស្ថិតក្នុងតំណែងកំពូលរបស់ចិនសម្រាប់អាណត្តិទី៣ និងនៅតែជាបុគ្គលមានឥទ្ធិពលបំផុតរបស់ចិនរយៈពេល ៥ឆ្នាំបន្តទៀត។ ជានិច្ចកាល ចិនតែងតែមានសមាជសភាទ្រង់ទ្រាយធំរៀងរាល់ ៥ឆ្នាំ ដែលជាធម្មតាតែងតែមានការរុះរើក្នុងក្បាលម៉ាស៊ីនរដ្ឋាភិបាលដោយការបោះឆ្នោតពីសមាជិកសភា។
នៅក្នុងរយៈពេល ២ថ្ងៃបន្ទាប់ មន្រ្តីដែលត្រូវបានឯកភាពដោយលោក Xi នឹងត្រូវបានតែងតាំង ឬបោះឆ្នោតជ្រើសតាំងសម្រាប់បំពេញតួនាទីកំពូលៗក្នុងគណៈរដ្ឋមន្រ្តី ជាពិសេសបេក្ខភាពនាយករដ្ឋមន្រ្តីដែលកំពុងទន្ទឹងរង់ចាំសម្រាប់ការចូលកាន់តំណែងគឺ លោក Li Qiang ដែលមានភាគរយខ្ពស់បំផុតថានឹងត្រូវតែងតាំងក្នុងតំណែងកំពូលលំដាប់ទី២ និងទទួលបន្ទុកនៃការគ្រប់គ្រងសេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២មួយនេះ។
លោក Xi Jinping នឹងធ្វើសុន្ទរកថានៅថ្ងៃចន្ទខាងមុខនេះ មុនបិទសម័យប្រជុំសភាប្រចាំឆ្នាំ ស្របពេលដែលចិនកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលអាចនឹងលើកឡើងក្នុងសុន្ទរកថានេះរួមមាន បញ្ហាសេដ្ឋកិច្ចដែលរងឥទ្ធិពលដោយសារកូវីដ-១៩ ជាងបីឆ្នាំ និងបញ្ហាទំនាក់ទំនងការទូតមិនសូវល្អប្រសើរជាមួយប្រទេសលោកខាងលិច៕