អាល្លឺម៉ង់៖ ខ្សែការពារក្លិប Werder Bremen កីឡាករ Mitchell Weiser កាន់តែខិតកៀកដល់ការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាល់ហ្សេរីជាផ្លូវការ។ នេះបើផ្អែកតាមការរាយការណ៍ដោយប្រភពពីទស្សនាវដ្តីកីឡាអាល្លឺម៉ង់។ យ៉ាងណាក្តី អ្នកនាំពាក្យផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់សហព័ន្ធបាល់ទាត់អាល់ហ្សេរី បដិសេធមិនផ្តល់ការអធិប្បាយណាមួយជុំវិញបញ្ហានេះឡើយ។
អ្នកនាំពាក្យក្រុមអាល់ហ្សេរី លោក Saleh Bey Abboud និយាយថា៖ "យើងឱ្យគ្រប់គ្រងគឺជាការសម្ងាត់និងអាចទុកចិត្តបាន ដែលយើងមិននិយាយអ្វីពាក់ព័ន្ធនឹងបញ្ហាកីឡាករឡើយ ដោយយើងផ្តល់សិទ្ធិឱ្យគ្រូបង្វឹក Djamel Belmadi ជាអ្នករ៉ាប់រងការងារនេះ និងបង្ហាញសមាសភាពកីឡាកររបស់ក្រុម"។ ផ្អែកតាមប្រភពទស្សនាវដ្តីដដែលបញ្ជាក់ថា កីឡាករ Weiser អាចបង្ហាញខ្លួនក្នុងនាមជាកីឡាកររបស់អាល់ហ្សេរី ដោយសារតែម្តាយរបស់គេមានឈាមជ័រជាជនជាតិអាល់ហ្សេរី។
គួរបញ្ជាក់ថា Mitchell Weiser ធ្លាប់លេងឱ្យឈុតយុវជនអាល្លឺម៉ង់ប្រហែល ៤០ប្រកួត និងឈ្នះពានជើងឯកទ្វីបអឺរ៉ុបអាយុក្រោម ២១ឆ្នាំម្តង កាលពីឆ្នាំ២០១៧ ប៉ុន្តែមិនត្រូវបានកោះហៅឱ្យចូលរួមក្រុមធំម្តងណាឡើយ។ សហព័ន្ធបាល់ទាត់អាល់ហ្សេរី បានធ្វើការទាក់ទងកីឡាកររូបនេះរួចហើយ ប៉ុន្តែគេអាចនឹងចូលរួមជាមួយក្រុមជម្រើសជាតិទ្វីបអាហ្វ្រិកនេះបានឬយ៉ាងណា អាស្រ័យលើការសម្រេចចិត្តរបស់លោក Djamel Belmadi ក៏ដូចជាការបំពេញបែបបទចូលសញ្ជាតិរបស់កីឡាកររូបនេះបានលឿនកម្រិតណា។
លោក Djamel Belmadi ជាគ្រូបង្វឹកជោគជ័យម្នាក់របស់អាល់ហ្សេរី ដោយដឹកនាំក្រុមឈ្នះពានជើងឯកទ្វីបអាហ្រ្វិកនៅឆ្នាំ២០១៩ ប៉ុន្តែធ្លាក់ត្រឹមជុំទី១ កាលពីឆ្នាំមុននៅទឹកដីកាមេរ៉ូន និងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ក្រោយពេលដែលធ្លាក់ក្រោមថ្វីជើងក្រុមជម្រើសជាតិកាមេរ៉ូន។ យ៉ាងណាក្តី លោកបានសន្យាថានឹងរៀបចំក្រុមឡើងវិញ សម្រាប់ការប្រជែងពាន African Cup of Nation ឆ្នាំ២០២៤ នៅប្រទេសកូឌីវ័រ ព្រមជាមួយការប្រជែងកៅអី World Cup នៅឆ្នាំ២០២៦ ផងដែរ៕