ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានតុលាការថៃសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ដោយសារតែបុរសខាងលើបានធ្វើការលក់នូវប្រតិទិនដែលមានរូបតុក្កតាទាពណ៌លឿង ដែលតុលាការអះអាងថានេះគឺជាការសើចចំអកប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។ ក្រុមមេធាវីសិទ្ធិមនុស្សបាននិយាយថា តុលាការព្រហ្មទណ្ឌទីក្រុងបាងកកបានសំរេចថា ប្រតិទិនដែលមានរូបតុក្កតាទាពណ៌៌លឿង គឺជាចំណុចដែលធ្វើឱ្យប៉ះពាល់ដល់ព្រះចេស្ដានៃអង្គព្រះមហាក្សត្រ Maha Vajiralongkorn។
ជនជាប់ចោទត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលជាធម្មតាច្បាប់នេះតែងតែធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១៥ឆ្នាំសម្រាប់អ្នកដែលបានប្រព្រឹត្តកំហុសឆ្គងដែលប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ឬរាជវង្សដែលអាចជាអ្នកស្នងរាជ្យបន្តផងដែរ។ ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា ជនជាប់ចោទគឺជាបុរសដែលមានវ័យ ២៦ឆ្នាំ ដែលគេដាក់ឈ្មោះហៅក្រៅថា តន់ម៉ៃ (Ton Mai) ត្រូវបានបន្ធូរបន្ថយទោសមកត្រឹម ២ឆ្នាំ ដែលជាស្ថានសម្រាលដោយសារតែជនជាប់ចោទផ្តល់កិច្ចសហការជាមួយតុលាការ។
កន្លងមក រូបតុក្កតាទាជ័រពណ៌លឿង ធ្លាប់ត្រូវបានគេប្រើប្រាស់នៅក្នុងចលនាតវ៉ាលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ។ គួរបញ្ជាក់ថា កន្លងមកមានមនុស្សប្រមាណ ២៣០នាក់មកហើយ គិតពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានគេផ្តន្ទាទោសដោយច្បាប់ការពារអង្គព្រះមហាក្សត្រ។ កន្លងមក ការទាមទារឱ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យនេះមានភាពចម្រូងចម្រាសខ្លាំងក្នុងសង្គមថៃ ពីព្រោះតាមប្រពៃណីទំនៀមទម្លាប់ថៃស្ថាប័ននេះត្រូវបានគេចាត់ទុកថាជាស្ថាប័នដែលមិនអាចផ្លាស់ប្តូរ ឬប៉ះពាល់បាន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃស្មារតីជាតិនិយមថៃ៕