សៀមរាប៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ៤,៤លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រអង្គភាព CMAC បោសសម្អាតមីនក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។
ក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជានាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅស្រុកស្វាយលើ ខេត្តសៀមរាប អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឱ្យដឹងគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ដល់អង្គភាព CMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលមានថវិកាសរុបចំនួន ១០លានដុល្លារអាមេរិក។
លោក ហេង រតនា បានឱ្យដឹងទៀតថា លទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាព CMAC បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ៧៤ ៩២២ ៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៧១ ៥៥៨គ្រាប់ ហើយគម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន ២១៤ ៦៦១គ្រួសារ។
ចំពោះជំនួយដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាព CMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួន ៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល ៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន ១៣.២លានដុល្លារអាមេរិក ដែលត្រូវរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅខេត្តទាំង៣ខាងលើជាង ១០០គីឡូម៉ែតក្រឡា។
គួរឱ្យដឹងដែរថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទដែលជំនួយមនុស្សធម៌នេះ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមបង្កើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមកម្ពុជាកាន់តែរីកចម្រើនថែមទៀត៕