វៀតណាម៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអនុរដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលក្នុងឆ្នាំ២០២២ កន្លងទៅពាណិជ្ជកម្មសរុបមានកំណើតរហូតដល់ជិត២០% ធៀបនឹងឆ្នាំ២០២១ ទោះបីប្រទេសទាំងរងឥទ្ធិពលពីកូវីត-១៩ និងអតិផរណាក៏ដោយ។
ជំនួបពិភាក្សាការងារ រវាងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្រ្ត និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អមដោយតំណាងក្រុមហ៊ុនកំពង់ស្ពឺហ្គើរ ជាមួយ អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ៦ខែ មីនា ឆ្នាំ២០២៣ ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្តរួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ក្នុងកិច្ចជំនួបពិភាក្សាការងារនេះដែរ កម្ពុជា-វៀតណាម បានពិភាក្សាគ្នាអំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម (តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះ។
អនុរដ្ឋមន្រ្តីវៀតណាម បានឱ្យដឹងថា ភាគីវៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។
លោកក៏បានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ព្រៃវែង)-តឺនណាម (តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។
គួរឦ្យដឹងដែរថា ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ៕