លោក ហ៊ុន ម៉ានី ថាការបត់បេះដូងក្រដាស ១លាន មិនមែនគ្រាន់តែសម្រាប់បំបែកឯតទគ្គកម្មពិភពលោក តែសម្រាប់បង្ហាញក្តីស្រឡាញ់
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «បេះដូងច្រើនជាងគេលើពិភពលោក» នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ថា ការបត់បេះដូងនេះមិនមែនគ្រាន់តែដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែសម្រាប់បង្ហាញអំពីក្ដីស្រលាញ់ ការផ្ដល់កំលាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។
លោកបានថ្លែងដូច្នេះថា៖ «នេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)»។
លោកអះអាងថាគោលបំណងរៀបចំយុទ្ធនាការ Beyond The Games បត់បេះដូង ១លានបេះដូងច្រើនជាងគេនៅលើពិភពលោក គឺដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោកគូសបញ្ជាក់ថាតាមរយៈយុទ្ធនាការនេះ មានដៃគូបរិច្ចាគចំនួន ៥ស្ថាប័នស្ម័គ្រចិត្តចូលរួមបរិច្ចាគជំនួស ដើម្បីយកថវិកាទាំងនេះប្រគល់ជូនកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក ហ៊ុន ម៉ានី មានក្តីរំភើប និងមិននឹកស្មានថា កន្លងមកនេះការបត់បេះដូងនេះមានការចូលរួមយ៉ាងសស្រាក់ស្រាំពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។
លោកថ្លែងថា៖ «យើងមានគោលបំណង និងគោលដៅច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តធ្វើរឿងនេះ។ អ្វីដែលជាបំណងប្រាថ្នារបស់យើងក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា»។
គូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ កម្ពុជានឹងត្រៀមបំបែកឯកគ្គទកម្មពិភពលោកចំនួន២បន្ថែមទៀត គឺការប្រកួតរាំម៉ាឌីហ្សូន និងការបត់បេះដូងក្រដាស (Beyond The Games)។
សូមរំលឹកថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន។
នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន ២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១ ៤៤៩ម៉ែត្រ៕