
ប្រធានសភាអរគុណចំពោះការលះបង់របស់ស្ត្រីគ្រប់រូបដែលបានចូលរួមថែរក្សាសន្ដិភាពកម្ពុជាដូចបច្ចុប្បន្ន
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ស្ត្រីគ្រប់រូបដែលបានលះបង់ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងវឌ្ឍនភាព សង្គមដូចពេលបច្ចុប្បន្ន។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូស្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ពីសុខសន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្នដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិនៅគ្រប់សម័យកាល។
សម្ដេចបន្ថែមថា៖ «យើងត្រូវចងចាំថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់»។
ក្នុងនាមរដ្ឋសភា សម្តេចសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតស៊ូ លះបង់ និងពលីរបស់ស្រ្តីកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមវិភាគទានដ៏មានតម្លៃដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម ជាពិសេសក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្រ្តីបានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
ជាមួយគ្នានោះដែលសម្ដេចពញាចក្រីបានលើកឡើងថា រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យ តាមដាន និងអនុម័តច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិ្តកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាសង្គតភាពស្របទៅនឹងបរិការណ៍នៃប្រទេសកម្ពុជា។
ទោះជាយ៉ាងណាសម្ដេចក៏បានបង្ហាញនូវក្ដីបារម្ភមួយចំនួនចំពោះស្ត្រីកម្ពុជាបច្ចុប្បន្នផងដែរ ដែលរួមមានបញ្ហាគម្លាតយេនឌ័រ ផ្នត់គំនិតសង្គមទៅលើស្រ្តី បញ្ហាហឹង្សាលើស្រ្តីនិងក្មេងស្រីជាដើម តែបញ្ហាទាំងនេះនៅតែដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួមក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្ដេចបានផ្ដល់ជាអនុសាសន៍ថា ថ្នាក់ដឹកនាំគ្រប់រូបត្រូវបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្ត្រីនៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជនងាយរងគ្រោះ ដើម្បីធានាសម្រេចបាននូវសមភាពយេនឌ័រនិងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។ បន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធី ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍បៃតងជាដើម។
គួរឱ្យដឹងផងដែរថាសម្ដេចប្រធានរដ្ឋសភាតែតែទទួលជួបគណៈប្រតិភូស្ត្រីជារៀងរាល់ឆ្នាំ ប៉ុន្តែការជួបជុំបានអាក់ខាន ២ឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបតែនៅឆ្នាំនេះ ការជួបជុំបានរៀបចំធ្វើឡើងវិញ។ ទិវាអន្តរជាតិនារីឆ្នាំនេះបានប្រារព្ធធ្វើឡើង ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕