អ៉ីតាលី៖ អ្នកគាំទ្រក្លិបបាល់ទាត់ Eintracht Frankfurt នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ទល់នឹងក្លិប Napoli បន្តទៀតទេ ត្បិតក្រសួងមហាផ្ទៃអ៉ីតាលី មានផែនការនឹងបញ្ឈប់ការលក់សំបុត្រទៅឱ្យអ្នកទស្សនាដែលជាអ្នកគាំទ្រក្រុមភ្ញៀវ Eintracht Frankfurt។
Frankfurt ដែលប្រកួតជើងទី១ ចាញ់ Napoli ២-០ នៅកីឡដ្ឋាន Deutsche Bank Park ដែលជាទឹកដីរបស់ខ្លួន ត្រូវគេរំពឹងទុកថានឹងអនុញ្ញាតឱ្យមានអ្នកគាំទ្រទស្សនាផ្ទាល់ត្រឹម ៣,០០០នាក់ប៉ុណ្ណោះនៅកីឡដ្ឋាន Stadio Diego Armando Maradona របស់ម្ចាស់ផ្ទះ Napoli ក្នុងការប្រកួតនៅសប្តាហ៍ក្រោយ។ យ៉ាងណាមិញ តាមសេចក្តីប្រកាសរបស់ Napoli បានឱ្យដឹងថា UEFA បានជូនដំណឹងដល់អ្នកគាំទ្ររបស់ Eintracht Frankfurt អំពីការហាមឃាត់ដែលក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលីនឹងចេញបទប្បញ្ញត្តិនៅថ្ងៃនេះដែលមិនអនុញ្ញាតឱ្យក្លិប Napoli លក់សំបុត្រទៅអ្នកគាំទ្ររបស់ Eintracht Frankfurt នាការប្រកួតនៅថ្ងៃទី១៥ ខែមីនាខាងមុខឡើយ។
គួរឱ្យដឹងថា អ្នកគាំទ្រក្លិបទាំងពីរបានប៉ះទង្គិចគ្នាអំឡុងការប្រកួតជើងទី១ នៅទឹកដីរបស់ Frankfurt ដោយសមត្ថកិច្ចប៉ូលិសបានចាត់ទុកការប្រកួតនោះថាជាការប្រកួតដែលមានហានិភ័យខ្ពស់។ Frankfurt ដែលជាក្រុមជើងឯកពានរង្វាន់ UEFA Europa League កាលពីឆ្នាំមុន កំពុងរីករាយនឹងទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទស្សវត្ស ខណៈអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្លិប ផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាពីក្រៅទីលានក្នុងប្រកួតក្រៅទឹកដីម្តងៗ។
ជាក់ស្តែង កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League កាលពីឆ្នាំមុន អ្នកគាំទ្ររាប់ម៉ឺននាក់របស់ Frankfurt បានធ្វើដំណើរទៅកាន់ទីក្រុង Seville ប្រទេសអេស្ប៉ាញ បើទោះបីជាក្លិបមានសំបុត្រត្រឹមតែ ១០,០០០សន្លឹកសម្រាប់អ្នកគាំទ្រយ៉ាងណាក្តី៕