ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើរសារជូនពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសអបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ វិបុលសុខមហាប្រសើរ មានព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់អម្រឹតដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គគ្រប់រូបជ្រកកោនប្រកបដោយ សេចក្តីសុខដុមរមនា ជារៀងដរាបតទៅ។
សារលិខិតថ្វាយព្រះពរចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា៖ «ខ្ញុំម្ចាស់ និងសហការី សូមលំឱនកាយថ្វាយនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជសារ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាននូវការគាំទ្រចំពោះប្រធានបទនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំង ពីការរួមកម្លាំងគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ និងធានាបាននូវ ចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេស ក្នុងយុគសម័យឌីជីថល និងការកសាង មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
គួរឱ្យដឹងផងដែរថាកម្ពុជាប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។
ទិវាអន្តរជាតិនារី (៨ មីនា) គឺជាទិវាពិភពលោកដែលប្រារព្ធឡើងដើម្បីបង្កើននូវការយកចិត្តទុកដាក់លើស្ត្រីលើបញ្ហា សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សា សិទ្ធិសង្គមសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ ទិវានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តជាទិវាសាកលនៅក្នុងឆ្នាំ១៩៧៧៕