ភ្នំពេញ៖ ចាត់ទុកនេះគឺជាថ្ងៃពិសេសនៃការអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ដែលជាថ្ងៃពិសេសនៃការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ស្រ្តីជាលើកដំបូង ដែលអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់អាចចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាការិនីកម្ពុជា ដោយចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Smart RSN ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះជម្រើសជាតិនារីកម្ពុជា ជួបជាមួយក្រុមភ្ញៀវជម្រើសជាតិមីយ៉ាន់ម៉៉ា នាវេលាម៉ោង ៤រសៀលនេះ។
គួរបញ្ជាក់ថា កម្ពុជា កំពុងត្រៀមខ្លួនបានយ៉ាងល្អក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើគ្រប់ប្រភេទវិញ្ញាសាទាំងអស់ ខណៈបាល់ទាត់នារីក្រុមធំកំពុងធ្វើការបោះជំរុំហ្វឹកហាត់នៅឯប្រទេសចិន ដើម្បីត្រៀមខ្លួនប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ដោយឡែក ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ឆ្នាំនេះ ក៏ទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីសំណាក់ថ្នាក់ដឹកនាំវិស័យកីឡាបាល់ទាត់ដែលរួមមាន លោក ឌី វិជ្ជា លោកស្រី ពុធ ធីតា និងលោក កែវ សារ៉េត ជាដើម ដែលបាន និងតែងតែយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់ និងជាពិសេសបាល់ទាត់នារីតែម្តង។
ចំពោះសំបុត្រចូលរួមទស្សនា អ្នកគាំទ្រអាចរកបាននៅច្រកចូលកីឡដ្ឋាន Smart RSN ដោយសំបុត្រតំបន់ទស្សនាមានដំបូលមានតម្លៃ ១០,០០០រៀល និងតំបន់ទស្សនាគ្មានដំបូល អាចចូលទស្សនាបានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ថា នេះគឺជាការប្រកួតបើកឆាកវគ្គជម្រុះពូល G នៅលើទឹកដីកម្ពុជា ខណៈប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមីនា និងប្រកួតចុងក្រោយនៅថ្ងៃទី១២ ខែមីនា ម៉ាឡេស៊ី ជួបជាមួយ មីយ៉ាន់ម៉ា ដែលជាប្រកួតចុងក្រោយក្នុងពូល៕