ម្ចាស់រថយន្តស៊េរីទំនើប បង្កើតផ្លាកលេខរថយន្តក្លែងក្លាយដោយខ្លួនឯងដាក់ឈ្មោះ «កម្ពុជា ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម»
(ភ្នំពេញ) រថយន្តស៊េរីទំនើបមួយគ្រឿងបានប្រើប្រាស់ផ្លាករថយន្តផលិតដោយខ្លួនឯង ដោយបានដាក់ឈ្មោះថា «កម្ពុជា ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម» រួមមានទាំងបន្ថែមស្លាកសញ្ញារបស់គណបក្ស ត្រូវបានលោក គង់ វិមាន នាយកខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញមកប្រកាសក្នុងទំព័រហ្វេកបុករបស់លោកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងមិនមានគោលការណ៍ឬច្បាប់ណាដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា «នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្សសូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់»។
គួរបញ្ជាក់ផងដែលថា រូបថតរថយន្តស៊េរីទំនើបដែលបានបង្កើតផ្លាករថយន្តដោយខ្លួនឯង ខុសច្បាប់ផ្ទុយពីស្មារតីអនុក្រឹត្យលេខ ៧៣ អនក្រ.បក ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០១៩ ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅរង្វង់មូលត្រើយខាងលិច ហើយត្រូវបានផ្សព្វផ្សាយពេញបណ្តាញហ្វេសបុកបង្កឱ្យមានការភ្ញាក់ផ្អើរ រហូតដល់មានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅពេលនេះ៕