ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានអះអាងថា អ្វីដែលសម្តេចមានថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។
ថ្លែងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយាប្រកបដោយគុណធម៌ តែងតែជួយយិតយោងសម្តេចរហូតដល់មានថ្ងៃនេះ ដូចពាក្យខ្មែរថា «សំណាបយោងដី ស្រីយោងប្រុស»។
សម្តេចតេជោមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំពុំមានភរិយាប្រកបដោយគុណធម៌ និងលក្ខណៈសម្បត្តិយ៉ាងដូចនេះទេ ក៏ប្រហែលជាខ្ញុំក៏បាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏ប្រហែលជាបាត់បង់នូវការគាំទ្រដែរ ប៉ុន្តគាត់បានធ្វើកិច្ចការរបស់គាត់បានយ៉ាងល្អ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ជួយស្ត្រីគឺជួយខ្លួនឯង» ព្រោះថាបើប្រពន្ធ ឬសមាជិកគ្រួសារជាស្ត្រីមានការចេះដឹង នោះជាភព្វសំណាងរបស់បុរសជាប្តី ជាបង ជាប្អូន ជាឱពុក ជាជីតា ដែលនោះគឺបានមកពីការវិនិយោគកាន់តែច្រើនសម្រាប់ស្ត្រី ដែលយើងទទួលផលផងដែរ។
គួរឱ្យដឹងដែរថា ទិវានារីអន្តរជាតិ ប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក៕