កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ក្រសួងសាធារណការកំពុងពិចារណាផ្លាស់ប្តូរស្លាកលេខចាស់ ទៅជាស្លាកលេខមាន QR Code ដោយឥតគិតថ្លៃ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងសាធារណការកំពុងពិភាក្សាគ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្លាស់ប្តូរស្លាកលេខទាំងអស់ដែលមិនមាន QR Code ទៅជាស្លាកលេខដែលមាន QR Code ដោយឥតគិតថ្លៃ។

ថ្លែងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីអបអរសាទរខួប ៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានលើកឡើងថា៖ «យើងកំពុងតែរកនីតិវិធីជួយសម្របសម្រួលយ៉ាងណា បើអាចធ្វើទៅបាន គឺឱ្យគាត់មកដូរចុះជាស្លាកមាន QR Code ដោយមិនបាច់បង់លុយ យើងកំពុងតែពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប្រើថវិកាគួរសមដែរដើម្បីប្តូរទាំងអស់ (ទៅជាស្លាកលេខមាន QR Code)»

បើតាមទេសរដ្ឋមន្ត្រី ការដែលផ្លាស់ប្តូរស្លាកលេខទាំងអស់ទៅជាស្លាកលេខមាន QR Code នេះគឺដើម្បីបំបាត់ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ។

លោកបញ្ជាក់ថា កាលណាម្ចាស់យានយន្តមកប្តូរស្លាកលេខជា QR Code នោះក្រសួងសាធារណការនឹងកំណត់អាស្រយដ្ឋានបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការក្លែងបន្លំស្លាកលេខក្លែងក្លាយ។ បើតាមលោក ស៊ុន ចាន់ថុល គឺមានតែកម្ពុជាតែមួយគត់ដែលដាក់ QR Code នៅលើស្លាកលេខរថយន្ត និងម៉ូតូ។

គូសបញ្ជាក់ថា ក្រសួងសាធារណការបានអនុវត្តការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយគិតមកដល់ឆ្នាំ២០២៣ នេះ ក្រសួងលក់បានស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ១១៨ ០៥២លេខ រកចំណូលបានសរុបចំនួនជាង ៥៤លានដុល្លារ។

លោកទេសរដ្ឋមន្ត្រីរំពឹងទុកថានៅឆ្នាំ២០២៣នេះ ការលក់លេខពិសេសនឹងមានការកើនឡើងជាង ៥ភាគរយបន្ថែមទៀត។ លោកបន្ថែមថា ចំណូលដែលក្រសួងប្រមូលបានពីការលក់ស្លាកលេខពិសេសនេះ ក្រសួងបែងចែកចំណូលមួយចំនួនយកជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក