ចិន៖ រដ្ឋមន្រ្តីការបរទេសចិន Qin Gang បាននិយាយកាលពីថ្ងៃអង្គារនេះថា តៃវ៉ាន់គឺជាបន្ទាត់ក្រហមដំបូងរបស់ចិន ដែលសហរដ្ឋអាមេរិកពុំគួរឈានរំលងនោះឡើយ។ ថ្លែងក្នុងសន្និសីទលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេសចិន អំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំង លោក Qin Gang និយាយថា ការដោះស្រាយបញ្ហាតៃវ៉ាន់ជាបញ្ហាសម្រាប់ប្រជាជនចិន ហើយគ្មានប្រទេសណាមានសិទ្ធិលូកដៃចូលឡើយ។
លោកបានរំលឹកឡើងវិញថា ប្រទេសចិនរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីសម្រេចបាន "ការបង្រួបបង្រួម" ជាមួយតៃវ៉ាន់ ខណៈដែនកោះស្វយ័តមួយនេះតែងតែអះអាងពីអធិបតេយ្យដោយឡែករបស់ខ្លួនពីប្រទេសចិន។ លោក Qin ក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ហើយបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិនទេនោះ វានឹងមិនអាចជៀសផុតពីការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នាឡើយ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុងការគាបសង្កត់ និងទប់ស្កាត់ប្រទេសចិន ជាជាងការប្រកួតប្រជែងដោយស្មើភាព។
ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយជុំវិញបញ្ហាមួយចំនួនរួមទាំងបញ្ហាតៃវ៉ាន់ ទំនាក់ទំនងពាណិជ្ជកម្ម និងជម្លោះរុស្សី-អ៊ុយក្រែន ប៉ុន្តែបញ្ហាកាន់តែអាក្រក់ឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងបាឡុងដែលអាមេរិកបាននិយាយថាជាបាឡុងចារកម្មរបស់ចិន ហើយបានបាញ់ទម្លាក់កាលពីខែមុន។ ជុំវិញបញ្ហានេះ លោក Qin បាននិយាយថាដំណោះស្រាយរបស់់អាមេរិកទៅលើបញ្ហាបាឡុងនោះដែលអាចនាំឱ្យមានវិបត្តិប្រទេសទាំងពីរ គួរតែជៀសវាងមិនគួរឱ្យកើតមានឡើង៕