
ជប៉ុនផ្ដល់ជំនួយជាង ៣០ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុននឹងផ្តល់ប្រាក់សរុបចំនួន ៣០០ ៧៧៩ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា ដែលជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant) ដល់អង្គការទទួលជំនួយចំនួន៣ ។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាលោក UENO Atsushi និងអង្គការទទួលជំនួយទាំង៣ ដើម្បីអនុវត្តគម្រោងនេះ។
ក្នុងគម្រោងទី១ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១២០ ៧៦៨ដុល្លារ សម្រាប់ការសាងសង់អគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងខេត្តឧត្តរមានជ័យ។ ដោយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
នៅក្នុងគម្រោងទី២ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩១ ០១០ដុល្លារ សម្រាប់ការសាងសង់អគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ បង្គន់អនាម័យចំនួន១ខ្នង ៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន នៅសាលាបឋមសិក្សាភ្នំរអិល ក្នុងខេត្តក្រចេះ ដោយគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
ក្នុងគម្រោងទី៣ សម្រាប់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ៨៩ ០០១ សម្រាប់ការដំឡើងឧបករណ៍សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនាចំនួន ១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសេវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះ ចំនួន ៩០០នាក់ក្នុងមួយឆ្នាំ។
គួរឱ្យដឹងដែរថា គម្រោង "KUSANONE" របស់ប្រទេសជប៉ុនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានៅកម្រិតមូលដ្ឋាន ក្នុងគោលបំណងការពារអ្នកដែលងាយរងគ្រោះដោយសារកត្តាផ្សេងៗដូចជា ភាពក្រីក្រ និងកត្តាគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការក្នុងសហគមន៍មូលដ្ឋាន។ ចាប់តាំងពីឆ្នាំ១៩៩១ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦ លានដុល្លារសម្រាប់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៧០២ នៅទូទាំងប្រទេសកម្ពុជា៕