កែប៖ មន្ទីរសង្គមកិច្ចខេត្តកែប បានចេញញត្តិគាំទ្រសាលក្រមកាត់ទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
មន្ទីរសង្គមកិច្ចខេត្តនេះលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងសន្ដិសុខជាតិនេះ ជាការអនុវត្តច្បាប់ សំដៅពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ក៏មិនធ្វើឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់រដ្ឋបរទេសណាមួយឡើយដោយហេតុថា រដ្ឋបរទេសពុំមែនជាកម្មវត្ថុនៃបទល្មើសក្នុងបទចោទប្រកាន់នៅក្នុងសំណុំរឿងនេះនិងមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យតុលាការមិនប្រើឈ្មោះរដ្ឋបរទេស នៅក្នុងសាលក្រមរបស់តុលាការឡើយដើម្បីធានាការពារផលប្រយោជន៍ជាតិ និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេស»។
កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។
លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។
ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ព័ណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»។
ទោះជាយ៉ាងណាដើម្បីរក្សាកិត្តិយស និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងនោះតុលាការសម្រេចថាមិនយករដ្ឋបរទេសមកពាក់ព័ន្ធនឹងការចោទប្រកាន់ ហើយមិនប្រើឈ្មោះរដ្ឋបរទេសទាំងនោះក្នុងសាលក្រមតុលាការឡើយ៕