កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រាជរដ្ឋាភិបាលថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានថ្វាយព្រះពរព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិជាអង្វែងតរៀងទៅ។

រាជរដ្ឋាភិបាលបានរៀបរាប់នៅក្នុងសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះអង្គដែលបានចំណាយព្រះកាយពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំសិក្សាធិការ សុខុមាលភាព និងសុខដុមរមនា សង្គម ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងប្រសើរថ្លៃថ្លាបំផុតក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកតម្កើងតួនាទីក្នុងសង្គមរបស់ស្ត្រី នៅព្រះរាជាណាចក្រកម្ពុជា»

ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគំរប់ខួបលើក១១២ ដែលនឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក