ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយចំនួនដែលបានដំឡើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ។
អ្នកនាំពាក្យក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ដោយបានលើកឡើងថា ការដំឡើងតួនាទីលើសពីអ្នកការទូតនេះគឺផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត (VCDR-1961)។
អ្នកនាំពាក្យបានឆ្លើយតបនឹងការថ្លែងរបស់អ្នកការទូតលោកខាងលិចមួយចំនួនជុំវិញការផ្តន្ទាទោស លោក កឹម សុខា ដូច្នេះថា៖ «ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ គឺជាការថ្លែងបែបរើសអើង និងមានចរិកលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនានយោបាយទេ»។
អ្នកនាំពាក្យបានលើកឡើងថា ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃ យុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។
អ្នកនាំពាក្យក្រសួងបន្តថា ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវជាមួយនឹងបរទេស និងបានដកសិទ្ធិជាស្ថាពរនូវសិទ្ធិនយោបាយរបស់លោក។
តែយ៉ាងណាលោកមិនត្រូវបានដាក់ឃុំឱ្យនៅក្នុងពន្ធនាគារឡើយ ពោលគឺលោកត្រូវបានដាក់ឱ្យឃុំនៅក្នុងផ្ទះរបស់លោកដែលស្ថិតនៅក្នុងផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា ចេញពីបរិវេណផ្ទះ និងមិនអនុញ្ញាតឱ្យ ជួបភ្ញៀវណាម្នាក់នោះទេក្រៅពីសមាជិកគ្រូសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូបដែលល្មើសនៅក្រោមក្រមព្រហ្មទណ្ឌ ឬត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ៕